(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជា ចំនួន៤៣រូប ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី១ នៃឆ្នាំ២០២៤ នាល្ងាចថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការចេញដំណើរនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ដើមខែមិថុនា ខណៈឆ្នាំនេះមានសាសនិកឥស្លាមកម្ពុជាចំនួនប្រមាណ៩០០នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជនេះ ដោយក្នុងម្នាក់ ចំណាយថវិកាប្រមាណ៦៥០០ដុល្លារ។

នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងថា ក្នុងចំណោមសាសនិកឥស្លាមប្រមាណ៩០០រូបខាងលើ ក្នុងនោះមានចំនួន៧រូប ទទួលបានការឧបត្ថម្ភពីព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលជាភ្ញៀវរបស់ព្រះអង្គ សម្រាប់ឆ្នាំ២០២៤ តាមរយៈស្ថានទូតអារាប៊ីសាអូឌីតប្រចាំកម្ពុជា ផ្តល់ជូនលោក។

លោកបណ្ឌិតថ្លែងបន្តថា ការចេញដំណើររបស់សាសនិកឥស្លាមកម្ពុជា នាពេលនេះសបញ្ជាក់ឲ្យឃើញថា សព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស មានជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួនឆ្ពោះទៅមុខជាបន្តបន្ទាប់ ដែលជាចំណែកមួយនៃការកើនឡើងនៃសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ជាចុងក្រោយ លោក អូស្មាន ហាស្សាន់ បានផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជនាថ្ងៃនេះ ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់ សូមប្រកបដោយសេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម។

សូមជម្រាបថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីអញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត៕