(ភ្នំពេញ)៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន១០បន្ថែមទៀត របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបណ្តុះបណ្តាលក្នុងវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ បានធ្វើតេស្តកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ ដើម្បីបញ្ជាក់សមត្ថភាពសិក្ខាកាមមុននឹងឈានជើងចូលទីផ្សារការងារក្រោយការបណ្តុះបណ្តាលរយៈពេល៤ខែ។

នាឱកាសនោះដែរ លោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ជាវិទ្យាស្ថានដែលបានធ្វើតេស្តកាលពីថ្ងៃម្សិលមិញ បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពសិក្ខាកាមថា មានលទ្ធភាព ​និង​សមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលបានការងារធ្វើសមរម្យក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា។

លោកបណ្ឌិត ប៊ុន ភារិន ​បានបញ្ជាក់ថា៖ «សិក្ខាកាមដែលធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្ងៃនេះ សុទ្ធតែមានសមត្ថភាព ហើយភាគច្រើនសុទ្ធតែមានការងារធ្វើ។ មុខជំនាញដែលត្រូវប៉ាន់ជាងគេ គឺជំនាញអគ្គិសនី និងដុតនំ»។ សម្រាប់នាយក NPIC ការធ្វើតេស្តនេះ មានសារៈសំខាន់សម្រាប់សិក្ខាកាមព្រោះអាចបញ្ជាក់ពីសមត្ថភាព ដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ដែលបញ្ជាក់ពីតម្លៃ និងសមត្ថភាពសិក្ខាកាម។

ក្នុងវគ្គកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C១)ដែលសិក្សាថ្ងៃវគ្គចន្ទ-សុក្រពេញមួយថ្ងៃនេះ សិក្ខាកាមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចំនួន១០៩នាក់ បានធ្វើតេស្តបញ្ជាក់សមត្ថភាពលើមុខជំនាញចំនួន៥ដែលរួមមាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត,ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងការផលិតនំ។

គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទាំង៣៥ក្នុងចំណោម៣៧របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបណ្តុះបណ្តាល បានបញ្ចប់ការធ្វើតេស្តទាំង៣លើករបស់ខ្លួនបន្ទាប់ពីការធ្វើតេស្តលើកទី១នៅថ្ងៃទី១៥ ខែឧសភា លើកទី២នៅថ្ងៃទី២០ ខែឧសភា និងលើកទី៣នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤បន្ទាប់ពីបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ៕