(ព្រះសីហនុ)៖ សមយុទ្ធកងទ័ពជើងទឹកលើកដំបូង «នាគមាស-២០២៤» រវាងកងទ័ពកម្ពុជា-ចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ដែលធ្វើឡើងនៅលើផ្ទៃសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ រយៈពេល១២ថ្ងៃ ពោលគឺចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែឧសភា ត្រូវបានបិទបញ្ចប់នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ។

សមយុទ្ធនេះធ្វើដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រក្សាបានកិច្ចការប្រតិបត្តិការ បង្កើនទំនុកចិត្តកាន់តែរឹងមាំ និងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។ ជាពិសេសចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលជាក្តីបារម្ភរួមក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន។

សមយុទ្ធកងទ័ពជើងទឹក «នាគមាស-២០២៤» លើកដំបូងរវាងកងទ័ពកម្ពុជា-ចិន មានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិន សរុប៧៨២នាក់ ក្នុងនោះសមយុទ្ធជើងទឹកលើកដំបូងនេះ កងទ័ពទាំងពីរ បានប្រើប្រាស់នាវាចំនួន ១៤គ្រឿង (កម្ពុជាមាននាវាចូលរួមចំនួន១១គ្រឿង ចិនមាននាវាចម្បាំង៣គ្រឿង) និងឧទ្ធម្ភាគចក្រចំនួន ០២គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរិតនាវាដឹកទំនិញ។

សមយុទ្ធនេះ បានបង្ហាញនូវប្រតិបត្តិការរួមគ្នានៃកងទ័ពកម្ពុជា-ចិន ក្នុងការរំដោះនាវា និងចំណាប់ខ្មាំង ដែលចាប់ជំរិតដោយភេរវករអន្តរជាតិលើលំហសមុទ្រ។

ថ្លែងក្នុងឱកាសបិទសមយុទ្ធជើងទឹករួមគ្នាលើកដំបូងរវាងកងទ័ពកម្ពុជា និងកងទ័ពចិន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការលំហាត់ និងធ្វើសមយុទ្ធជាមួយបណ្ដាប្រទេសជាមិត្ត បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃការធ្វើសមយុទ្ធលើលំហសមុទ្រលើកដំបូង រវាងកងទ័ពកម្ពុជា និងចិន នៅលើផ្ទៃសមុទ្រកម្ពុជា។ តាមរយៈសមយុទ្ធលើលំហសមុទ្រនេះបានបង្កើនសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ជាក់ស្តែងសមយុទ្ធនេះកងទ័ពជើងទឹកកម្ពុជា ជាអ្នកបញ្ជាទាំងអស់ រួមទាំងចេញទៅរំដោះចំណាប់ខ្មាំង និងការប្រើប្រាស់កម្លាំងផ្សេងៗជាដើម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សមយុទ្ធនាគមាស លើផ្ទៃសមុទ្ររវាងកងទ័ពទាំងពីរ នឹងធ្វើឱ្យកងទ័ពជើងទឹកម្ពុជា កាន់តែមានសមត្ថភាពបន្ថែមទៀត ដើម្បីការពារដែនសមុទ្រ និងបរណភាពទឹកដីកម្ពុជា ពីការឈ្លានពានណាមួយពីបច្ចាមិត្ត។ ចំពោះកិច្ចការពារលំហសមុទ្រ គឺជារឿងសំខាន់សម្រាប់កងទ័ពជើងទឹកកម្ពុជា ដូច្នេះការពង្រឹងសមត្ថភាពកងទ័ពជាកិច្ចការងារមួយចាំបាច់ត្រូវតែធ្វើ។

ឆ្លើយតបនឹងការលើកឡើងមួយចំនួនថា ការធ្វើសមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពចិន និងកម្ពុជា គឺជាការពង្រឹងអានុភាពរបស់កងទ័ពចិន, ត្រូវបាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ច្រានចោល និងបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំគិតថា ការធ្វើលំហាត់សមយុទ្ធនេះ មិនមែនតែកងទ័ពរំដោះប្រជាជនចិន និងកងយោធពលខេមរភូមិន្ទទេ ប្រទេសណាក៏មានការធ្វើសមយុទ្ធ ហើយចិន ក៏មិនមែនធ្វើសមយុទ្ធតែជាមួយប្រទេសកម្ពុជានោះទេ ជាមួយប្រទេសថៃ ជាមួយនឹងប្រទេសម៉ាឡេស៉ី និងប្រទេសដទៃទៀត។ រីឯប្រទេសដទៃទៀត ក៏ធ្វើសមយុទ្ធប្រទាក់ក្រឡាគ្នា អ៊ឹចឹងការធ្វើសមយុទ្ធនេះ វាមិនមែនដើម្បីគំរាមកំហែងអ្នកណា ដើម្បីពង្រឹង ដំឡើងឥទ្ធិពលអ្នកណានោះទេ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នា ទៅវិញទៅមក ព្រោះប្រទេសនីមួយៗតែងតែមានការប្រទាក់ក្រឡាគ្នា»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអះអាងថា សម្រាប់ប្រធានបទការធ្វើសមយុទ្ធជើងទឹកនាគមាស ឆ្នាំ២០២៤នេះ គឺការរំដោះជនរងគ្រោះចំណាប់ខ្មាំង ដែលត្រូវបានចាប់ជំរិត លើនាវាដឹកទំនិញមួយគ្រឿង។ ចំណុចនេះ គឺជាការងារមនុស្សធម៌ ដូច្នេះ ប្រធានបទនៃការធ្វើសមយុទ្ធនេះ មិនមែនជាការគំរាមកំហែងដល់ប្រទេសណានោះឡើយ ហើយជាតួនាទីភារកិច្ចរបស់បណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក ដើម្បីទប់ស្កាត់អំពើភេរវកម្មតាមលំហរសមុទ្រ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ចំពោះការចោទប្រកាន់ណាមួយមកលើកម្ពុជា ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធជាមួយកងទ័ពរំដោះប្រជាជនចិន គឺជាសិទ្ធិរបស់ពួកគេ ប៉ុន្តែរឿងពិតជាក់ស្តែងរបស់កម្ពុជា និងចិន គឺធ្វើឡើងដើម្បីទប់ស្កាត់អំពើភេរវកម្មអន្តរជាតិតែប៉ុណ្ណោះ។

ចំពោះការចោទប្រកាន់ថាហេតុអ្វីបានកម្ពុជា ធ្វើសមយុទ្ធតែជាមួយកងទ័ពរំដោះប្រជាជនចិន មិនធ្វើសមយុទ្ធជាមួយប្រទេសផ្សេងៗទៀត ត្រូវបាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចេញមុខមកបញ្ជាក់ឱ្យច្បាស់ថា៖ «វាប្រៀបបានដូចនារីម្នាក់ ហើយមានគេចោមរោមស្រឡាញ់ច្រើន ហើយបានឃើញនារីនោះ ឈរនិយាយជាមួយនឹងបុរសម្នាក់ ប៉ុន្តែ ការឈរនិយាយនោះ គឺជាទំនាក់ទំនងធម្មតា ប៉ុន្តែ បែរជាចោទនារីម្នាក់នោះថា ទៅស្រឡាញ់បុរសម្នាក់ហ្នឹង។ ត្រង់ចំណុចហ្នឹង ខ្ញុំគិតថា វាអយុត្តិធម៌ណាស់ ចំពោះនារីនោះ គ្រាន់តែគ្នាឈរនិយាយជាមួយគេ ដូច្នេះ រឿងនេះវាមិនខុសពីកម្ពុជានោះទេ គ្រាន់តែធ្វើសមយុទ្ធជាមួយចិន ហើយចោទថាកម្ពុជា ងាកទៅរកចិន រឿងនេះវាជាបញ្ហាអយុត្តិធម៌ណាស់ចំពោះកម្ពុជាយើង»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បើកចំហរជានិច្ចសម្រាប់ការធ្វើលំហាត់សមយុទ្ធជាមួយបណ្តាប្រទេសជាមិត្ត ដូច្នេះ ប្រសិនមានប្រទេសជាមិត្តណាមានបំណងធ្វើសមយុទ្ធជាមួយកម្ពុជា សូមអញ្ជើញមកទំនាក់ទំនង ដាក់ពាក្យដើម្បីជជែកគ្នា ក្នុងការធ្វើសមយុទ្ធ។ ក៏ប៉ុន្តែ មិនព្រមមកជជែកជាមួយកម្ពុជាទេ តែបែរជាដើរនិយាយថាកម្ពុជា មិនធ្វើសមយុទ្ធជាមួយនោះជារឿងមួយគួរឱ្យហួសចិត្ត។ កម្ពុជា បើកបេះដូងទូលាយយកបណ្តាប្រទេសទាំងអស់លើពិភពលោកជាមិត្តទាំងអស់៕