(កំពង់ចាម)៖ លោកឧកញ៉ា លី វាសនា ប្រធានអង្គការមូស្លីមកម្ពុជា និងជា អគ្គនាយកក្រុមហ៊ុន វាសនាម៉ារីយ៉ាអ៉ិនវេសមេនគ្រុប និងលោកស្រី រួមនិងសប្បុរសជនមកពីប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៉ី ព្រមទាំងសមាជិកអង្គការ បានចែកសាច់គោ (គោកូរបាន) ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ប្រមាណជិត២០០នាក់ នៅក្នុងភូមិរការលើ សង្កាត់សំបួមាស ក្រុងកំពង់ចាម។
នៅក្នុងឱកាសចែកជូនសាច់គោនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នោះ ប្រជាជនខ្មែរឥស្លាមដែលមកទទួលអំណោយ បានសម្តែងក្តីរីករាយ និងបានលើកឡើងថា អំណោយនេះពិតមានសារៈសំខាន់ សម្រាប់ពួកគាត់ក្នុងឱកាសបុណ្យស្រាយបួស ដែលជាបុណ្យសំខាន់សម្រាប់បងប្អូនខ្មែរឥស្លាម ពីព្រោះវាបានកាត់បន្ថយការចំណាយ របស់ពួកគាត់បានមួយកំរិត។
ជាមួយគ្នានេះ លោកឧកញ៉ លី វាសនា បានបញ្ជាក់ថា លោកនឹងបន្ត ជួយប្រជាពលរដ្ឋ តាមដែលអាចធ្វើទៅបាន ដើម្បីជួបសម្រួលការលំបាករបស់ពួកគាត់។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ លោកឧកញ៉ា លី វាសនា និង លោកស្រី ម៉ាន ម៉ានម៉ារីយ៉ាន រួមនឹងសប្បរសជន មកពីប្រទេស សិង្ហបុរី និងម៉ាឡេស៉ី បានចុះចែកគោកូរបាន (Qurban) ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ប្រមាណជាង១០០ក្បាល និងបានធ្វើកម្មវិធីចែកគោ និងពពែ៥២ក្បាល នៅខេត្តត្បូងឃ្មុំផងដែរ៕