(វ៉ាស៊ីនតោន)៖ អ្នកជំនាញអាមេរិកម្នាក់បានអះអាងថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តនុយក្លេអ៊ែរ ចំនួន០៣លើកបន្ថែមទៀត ខណៈដែលកូរ៉េខាងជើងបានចាត់ទុកការបង្អួត យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ របស់អាមេរិកនៅឧបទ្វីបកូរ៉េថា ជាការឌឺដងដាក់កូរ៉េខាងជើង ដែលគួរតែបញ្ឈប់ជាបន្ទាន់។ នេះបើតាមការផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
លោក Joel Wit និពន្ធនាយករបស់គេហទំព័រ 38 North បានគូសបញ្ជាក់ថា រូបភាពដែលចាប់បានដោយផ្កាយរណបរបស់អាមេរិក ពិតជាបង្ហាញថាយ៉ាងហោចណាស់ ការធ្វើតេស្តនុយក្លេអ៊ែរចំនួន០៣លើកទៀត អាចនឹងកើតមានឡើងនៅក្នុងពេលឆាប់ៗនេះ ដោយសារកូរ៉េខាងជើងតែងតែធ្វើពិធីអបអរសាទរ នៅរាល់ថ្ងៃសំខាន់ៗ ហើយក៏នឹងជារំលឹកខួប១០ឆ្នាំនៃការបំផ្ទុះសាកល្បងនុយក្លេអ៊ែរ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៦ ដែលកំពុងតែខិតជិតចូលមកដល់នោះ គឺជាឱកាសល្អណាស់សម្រាប់កូរ៉េខាងជើង។
លោក Wit បានឲ្យដឹងទៀតថា ការធ្វើតេស្តនុយក្លេអ៊ែរជាលើកទី០៥ និងការបាញ់សាកល្បងមីស៊ីលផ្លោង នៅប៉ុន្មានខែចុងក្រោយនេះ ស្តែងឲ្យឃើញថាកូរ៉េខាងជើង អាចនឹងមានសមត្ថភាពដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ដែលមានអនុភាពខ្លាំងក្លាបន្ថែមទៀត នៅក្នុងរយៈពេលខ្លីជាងអ្វីដែលគេធ្លាប់បានរំពឹងទុក។
អ្នកជំនាញរូបនេះបាននិយាយយ៉ាងដូច្នេះថា «កាលពីឆ្នាំមុន អ្នកស្រាវជ្រាវនៅកន្លែងខ្ញុំធ្វើការ បានសន្និដ្ឋានថានៅឆ្នាំ២០២០ ទើបកូរ៉េខាងជើង អាចផលិតមីស៊ីល ដែលអាចបាញ់ឆ្លងទ្វីប និងមានសមត្ថភាពមកដល់អាមេរិកបាន ប៉ុន្តែប្រសិនបើកូរ៉េខាងជើង ធ្វើការសាកល្បងមីស៊ីល ដូចដែលបានបង្ហាញវត្តមាននៅក្នុង ក្បួនដង្ហែរយោធារបស់ខ្លួនកាលពីពេលថ្មីៗនេះ វាអាចនឹងឆាប់ជាងមុន»។
ចំណែកឯភាគីខាងកូរ៉េខាងជើងវិញ បានឲ្យដឹងតាមសារព័ត៌មានរដ្ឋរបស់ខ្លួនថា ការហោះហើរយន្តហោះ B-1B Lancer ដែលមានសមត្ថភាព ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ គឺជាទង្វើញុះញង់ផ្នែកយោធា និងស្តែងចេញឲ្យឃើញពីគោលបំណងពិតរបស់អាមេរិក ដែលចង់បង្កសង្រ្គាមនុយក្លេអ៊ែរ។ កូរ៉េខាងជើងក៏បានលើកឡើងទៀតថា អាមេរិកនឹងនៅតែបន្តនាំយក យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ និងវិធានការយុទ្ធសាស្រ្តដទៃៗទៀតពាក់ព័ន្ធនឹងនុយក្លេអ៊ែរ មកកាន់កូរ៉េខាងត្បូង ដើម្បីរៀបចំការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ មកលើកូរ៉េខាងជើង ហើយខ្លួនបានព្រមានឲ្យអាមេរិក បញ្ឈប់ទង្វើនេះជាបន្ទាន់៕