(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងស្ត្រីបឹងកក់៤នាក់ ក្រោមការចោទប្រកាន់ពី បទប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈដោយ មានស្ថានទម្ងន់ទោស។
កាលវិភាគបិទផ្សាយនៅអគារតុលាការជាន់ទី១ បង្ហាញថា ស្ត្រីបឹងកក់ទាំង៤នាក់ឈ្មោះ ទេព វន្នី បច្ចុប្បន្នកំពុងជាប់ពន្ធនាគារ និង ៣នាក់ទៀតឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ ។
ពួកគេ ជាប់ចោទពីបទ «ប្រមាថអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស និង បទប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស ( ដោយបុគ្គលច្រើនរូបក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និង អ្នកសមគំនិត ) »។ ក្នុងសំណុំរឿងនេះ គឺសាលារាជធានីភ្នំពេញ ជាដើមបណ្ដឹងរដ្ឋប្បវេណី ។
សវនាការនេះ ដឹកនាំដោយលោក លី សុខលេង ជាចៅក្រមជំនុំជម្រះ និង កញ្ញា វ៉ា សក្តា ជាតំណាងអយ្យការ ៕