(បាត់ដំបង)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាដំបូងខេត្តបាត់ដំបង អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយនគរបាលយុត្តិធម៌ មកពីស្នងការដ្ឋាននគរបាលខេត្ត អធិការក្រុង-ស្រុកទាំង១៤ និងពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត-ក្រុង-ស្រុក ទាំង១៤ ដើម្បីពិភាគ្សាស្វែងរកវិធានការគន្លឹះ និងដាក់ចេញនូវយន្តការសម្រាប់អនុវត្តអោយបានតឹងរឹងលើករណីក្មេងទំនើង។
កិច្ចប្រជុំនេះបានដឹកនាំដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ក្រោយចប់កិច្ចពិភាក្សា ព្រះរាជអាជ្ញា បានបូកសរុបខ្លឹមសារ នៃអង្គប្រជុំ និងបាននែនាំដល់នគរបាលយុត្តិធ៌មឱ្យធ្វើសកម្មភាពឱ្យសកម្មនៅមូលដ្ឋាន ដោយកំណត់ទុកដូចជាការធ្វើយុទ្ធនាការសម្រាប់ដោះស្រាយបញ្ហាក្មេងទំនើង។
ជាមួយគ្នានេះ លោកព្រះរាជអាជ្ញា បានដាក់ចេញនូវវិធានការ២សម្រាប់អនុវត្តគឺ៖
*ទី១៖ វិធានការបង្ការ ទប់ស្កាត់ ដែលមាន៥ចំណុចដូចខាងក្រោម៖
*តាមស្រុក-ក្រុង ត្រូវរៀបចំបញ្ជីឈ្មោះគ្រប់គ្រងមុខសញ្ញាឲ្យបានច្បាស់លាស់៖ ជនទើបចេញពីពន្ធនាគារ ក្រុមក្មេងទំនើង ក្រុមជួញដូរគ្រឿងញៀន និងចោរកម្ម។
*រៀបចំចំណាត់ថ្នាក់មុខសញ្ញា អ្នកបញ្ជា អ្នកដៃដល់ អ្នកហែរហម។
*អប់រំ៖ ត្រូវសហការជាមួយអាជ្ញាធរឃុំ អញ្ជើញមុខសញ្ញាដែលផ្តុំគ្នា និងអញ្ជើញអាណាព្យាបាលគាត់ លោកគ្រូ អ្នកគ្រូ មកជួយអប់រំពួកក្មេងទាំងនោះនៅប៉ុស្តិ៍នគរបាល។
*ពិនិត្យទីតាំងលក់ដាវសាម៉ូរៃ និងអប់គាត់កុំឲ្យលក់ដាវបែបនេះ
*តាមដានសកម្មភាពក្មេងទំនើង និងបំបែកក្រុមក្មេងទំនើងដែលផ្តុំជួបជុំគ្នា។
*ទី២៖ វិធានការបង្ក្រាប៖
*រៀបចំកម្លាំងអន្តរាគមន៍ ដើម្បីចេញប្រតិបត្តិការឲ្យទាន់ពេលវេលា។
*ស្រាវជ្រាវបង្ក្រាបបទល្មើសឲ្យដល់ទីបញ្ចប់ កុំអោយបទល្មើសមានការកើតឡើងទៀត៕