(ភ្នំពេញ)៖ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកនូវកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំត្រូវអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាក្រុមការងារនៃគណៈកម្មាធិការ ប្រយុទ្ធជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយលោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ៣៨រូប។

កិច្ចប្រជុំនេះមានគោលបំណង បង្ហាញពីសមិទ្ធផលឆ្លើយតបនឹងមេរោគអេដស៍ កម្ពុជាដែលសម្រេចបានកន្លងមក។ ពិនិត្យនូវឋាមវ័ន្តនៃប្រព័ន្ធរួមគ្នាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ព្រមទាំងពិនិត្យ និងអនុវត្តនូវវិធាននានា នៃនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្តើមលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ បានថ្លែងនូវការស្វាគមន៍ដល់ក្រុមការងារ និងអង្គប្រជុំ ដោយបានថ្លែងនូវការកោតសរសើរដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានប្រឹងប្រែងចូលរួម ក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក។ ក្នុងឱកាសនេះផងដែរ លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្របតាមអនុក្រឹត្យលេខ ១០៩។

លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងនូវចំណាប់អារម្មណ៍ ព្រមទាំងកោតសរសើរដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលសំខាន់ៗកន្លងមក។ ក្នុងនោះលោកស្រី ក៏បានរំលេចពីការចូលរួមរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍ ក្រសួងអភិវឌ្ឍន៍ជនបទបានបង្កើត នូវគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍តាំងពីឆ្នាំ២០១៤ ហើយផែនការឆ្លើយតបនឹងមេរោគអេដស៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ទទួលនូវការគាំទ្រថវិកាជាតិ ដើម្បីធ្វើសកម្មភាពជាបន្តបន្ទាប់រៀងរាល់ឆ្នាំផងដែរ។ លើសពីនេះក្នុងឆ្លើយតបនឹងមេរោគអេដស៍ ក្រសួងមាននាយកដ្ឋានមួយទទួលខុសត្រូវសុខភាពបឋម សម្រាប់ប្រជាពលរដ្ឋនៅជនបទ។

លោកទេសរដ្ឋមន្រ្តី ប្រធានអង្គប្រជុំ ក៏បានអនុញ្ញាតិឱ្យមានបទបង្ហាញ ស្តីពីឋាមវន្តនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយលោកវេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយបានបង្ហាញដូចជា៖ សារបាន និងបុព្វហេតុនៃការឆ្លើយតបនឹងមេរោគអេដស៍ ការសម្របសម្រួល ការចូលរួមហិរញ្ញប្បទានពីប្រភពនានា និងការកំណត់អាទិភាពនៃបញ្ហានានា ព្រមទាំងបង្ហាញពីការរួមបញ្ចូលគ្នាប្រកបដោយឋាមវ័ន្ត។ លោកក៏បានបង្ហាញវិធាននៃការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចបាននូវគោលដៅនៃការឆ្លើយតបនឹងមេរោគអេដស៍។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី អៀង មូលី បានផ្តល់នូវមតិ និងអនុសាសន៍ដល់កិច្ចប្រជុំដូចខាងក្រោម៖
* លុបបំបាត់អេដស៍បានតាមគោលការណ៍ របស់អង្គការសហប្រជាជាតិគឺ បញ្ចុះឱ្យបាន ១០ភាគរយ នៃលទ្ធផលដែលសម្រេចបានកាលពីឆ្នាំ២០១០ តាមរយៈការដាក់គោលដៅសម្រេចឱ្យបាននូវគោលដៅ៩៥-៩៥-៩៥
* ចំនួនអ្នកឆ្លងថ្មីនៃអ្នកផ្ទុកមេរោគអេដស៍ មានប្រមាណជា ១៤០០នាក់ក្នុងមួយឆ្នាំ (ឆ្នាំ២០២២) ដែលត្រូវកាត់បន្ថយមកនៅប្រមាណជា ២០០នាក់ក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០២៥ ខាងមុខ។ ដូច្នេះ ទាមទារនូវការចូលរួមជាចលនាជាតិមួយ ប្រឹងប្រែងទប់ស្កាត់ការឆ្លងថ្មីនេះ និងរុករកឱ្យឃើញនូវអ្នកផ្ទុកមេរោគអេដស៍ ដែលមិនទាន់ដឹងពីស្ថានភាពរបស់ខ្លួន។
* តាមសមិទ្ធផលសម្រេចមកដល់ឆ្នាំ២០២២ គឺទើបសម្រេចបាន ៨៦ភាគរយប៉ុណ្ណោះ សម្រាប់គោលដៅ៩៥ ទី១។

* តាមការចូលរួម និងប្រឹងប្រែងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ កម្ពុជាសម្រេចបាននូវគោលដៅចំនួន២ ក្នុងចំណោមគោលដៅ ៩៥ទាំងបីគឺ គោលដៅទី២ និងទី៣ នៅឆ្នាំ២០២២ (៩៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ដឹងពីស្ថានភាពរបស់ខ្លួន បានទទួលសេវាថែទាំ និងព្យាបាលជំងឺអេដស៍ និង៩៥ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ទទួលបានសេវាព្យាបាល និងថែទាំជំងឺអេដស៍មានបន្ទុកមេរោគអេដស៍ក្នុងឈាមកម្រិតទាប)។
* បើទោះបីមានវិធាននានាក្នុងការបង្ការការឆ្លងមេរោគអេដស៍ក៏ដោយ ក៏ការឆ្លងថ្មីនៅតែមាន ជាពិសេសក្រុមប្រជាជនគន្លឹះយុវវ័យ។

លោកទេសរដ្ឋមន្រ្តី ក៏បានដាក់ឱ្យពិភាក្សានូវវិធាននានាសម្រាប់វិស័យអភិវឌ្ឍន៍ជនបទ នៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដែលរួមមាន ពង្រឹងប្រព័ន្ធឆ្លើយតបជាពហុវិស័ (៥វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៩វិធានការ) ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំនិងព្យាបាល (៧វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៣វិធានការ) បញ្ចប់ការរើសអើងនិងមាក់ងាយ (៣វិធានការ) ចលនាធនធាន (៤វិធានការ) ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃ (៨វិធានការ)។ ដើម្បីបង្កការងាយស្រួលដល់ការរៀបចំផែនការឆ្លើយតបនឹងមេរោគអេដស៍ អាជ្ញាធរជាតិនឹងរៀបចំនូវលិខិតជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីគណៈរដ្ឋមន្រ្តី៕