(ភ្នំពេញ)៖ តំណាងឱ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានជួប្រជុំជាមួយមន្រ្តីទេសចរណ៍មកពីបណ្ដាខេត្តជាប់មាត់សមុទ្រកម្ពុជា ដើម្បីពិភាក្សាគ្នាបន្ថែម រិះរកវិធីសាស្រ្តនៃការអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាព សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទីនោះ។
មន្រ្តីទេសចរណ៍ដែលចូលរួមក្នុងកិច្ចប្រជុំនេះ មានមកពីខេត្តកែប កំពត កោះកុង និងព្រះសីហនុ ប្រមាណ៦០នាក់ ដែលបានប្រព្រឹត្តទៅនៅខេត្តព្រសីហនុ ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ជីវភាពសង្គម បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលនៅទីនោះ។
ក្នុងឱកាសនេះដែរ លោក ទិត ចន្ថា បានឱ្យដឹងថា នេះគឺជាជំនួបពិភាក្សាកម្រិតតំបន់ឆ្នេរ ដោយមានមន្រ្តីទេសចរណ៍, មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសាធារណការ ក្រសួងបរិស្ថាន នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ខេត្ត ដែលជាសមាជិកគណៈកម្មការទេសចរណ៍ជាតិ។
លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព ដូចជាការការពារបរិស្ថាន ទប់ស្កាត់ការបង្ហូរទឹកកខ្វក់ចូលសមុទ្រ រៀបចំការគ្រប់គ្រងតំបន់ឆ្នេរ ការរៀបចំផែនការអភិវឌ្ឍ និងការអនុវត្តឱ្យបានត្រឹមត្រូវ ព្រមទាំងរៀបចំយន្តការដ៏សំខាន់មួយ ក្នុងការសម្រេចបានប្រសិទ្ធភាពក្នុងកិច្ចខិតខំទាំងនេះ។
កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីផែនការអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុ ដែលជាផែនការបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍ ហើយផែនការនេះ គ្រោងប្រកាសផ្សព្វផ្សាយពីការអនុវត្តក្នុងពេលប្រារព្ធពិធីបុណ្យសមុទ្រ ក្នុងខែធ្នូ ឆ្នាំ២០១៦ ខាងមុខ។
សូមរំលឹកថា នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥, ខេត្តព្រះសីហនុ នឹងក្លាយជាតំបន់រដ្ឋបាល និងសេដ្ឋកិច្ចពិសេសពហុបំណង ដែលមានវិស័យទេសចរណ៍ជាផ្នែកដ៏សំខាន់ ក្នុងការសម្រេចបានចក្ខុវិស័យនេះ។
ជាមួយគ្នានេះ លោក ទិត ចន្ថា បានបញ្ជាក់ថា ភ្ញៀវទេសចរទៅលេងនៅតំបន់ឆ្នេរ មានកំណើនកាន់តែស្ទុះឡើង ប្រមាណជាង២០ភាគរយ ពិសេសខេត្តព្រះសីហនុនេះតែម្ដង ព្រោះខេត្តនេះមានជើងហោះហើរត្រង់មកពីក្រៅប្រទេស មានកំពង់ផែដែលអាចឱ្យនាវាទេសចរណ៍ អាចចូលចតបានជាច្រើន និងកំណើនទេសចរក្នុងស្រុកតាមផ្លូវគោកជាច្រើនផងដែរ៕