(រតនគិរី)៖ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់ក្រុមក្មេងទំនើងដែលជាជនល្មើស ចំនួន ០៨នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

បើតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន០២ក្រុម ដែលបានវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើសបានចំនួន ០៨នាក់ ។

ឆ្លងកាត់តាមការស៊ើបអង្កេត ពិនិត្យភស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយរបស់ជនល្មើសរួចមក តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរលើអង្គហេតុ និងបុគ្គល៖ ១៖ ឈ្មោះ កែវ វិស្ណុ ភេទប្រុស អាយុ១៦ឆ្នាំ ២៖ ឈ្មោះ រិត ណារីន ភេទប្រុស អាយុ១៥ឆ្នាំ ៣៖ ឈ្មោះ មាំង សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ៤៖ ឈ្មោះ ស្នា សច្ចា ភេទប្រុស អាយុ១៧ឆ្នាំ ៥៖ ឈ្មោះ ណាន ទី ភេទប្រុស អាយុ១៥ឆ្នាំ ៦៖ ឈ្មោះ ហួង ចាន់ធី ភេទប្រុស អាយុ១៦ឆ្នាំ ៧៖ ឈ្មោះ សៀន ថងអាន ភេទប្រុស អាយុ១៥ឆ្នាំ ៨៖ ឈ្មោះ កុ ស៊ូវ៉ាន់ ភេទប្រុស អាយុ១៤ឆ្នាំ តាមរយៈដីកាសន្និដ្ឋានបញ្ជូន រឿងឱ្យស៊ើបសួរលេខ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយមានមនុស្សច្រើននាក់) ប្រព្រឹត្តនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ ចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ៕