(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបទីតាំងប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន កែឆ្នៃ និងទទួលផលចោរកម្មដ៏ធំចំនួន២ទីតាំង ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះមានទីតាំងកែឆ្នៃម៉ូតូ និងទទួលផលចោរកម្ម។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, លោកវរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរងទទួលជំនាញ បានដឹកនាំកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ដោយមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក មេបញ្ជាការរង បានបញ្ជាក់ថា ក្រោយកម្លាំងបានឡោមព័ទ្ធផ្ទះទីតាំងខាងលើ កំណត់បានមុខសញ្ញាយ៉ាងច្បាស់កម្លាំងធ្វើការចូលឆែកឆេរ ជាលទ្ធផលទទួលបាន ទីតាំងទី១៖ ស្ថិតនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ (ស្រី២នាក់) រកឃើញម្សៅពណ៌សជាសារធាតុញៀន K មួយកញ្ចប់ធំ ទម្ងន់៥៦៣,៧៤ក្រាម និងរកឃើញម៉ូតូចំនួន៤គ្រឿង ក្នុងនោះមានម៉ូតូ៣គ្រឿងគ្មានស្លាកលេខ និង១គ្រឿងមានផ្លាកលេខដែលបានដោះរួច រួមជាមួយសម្ភារៈជាបំណែកម៉ូតូជាច្រើនទៀត ដែលបានដោះបំបែកបំបាត់ដាន និងបំភ័ណ្ឌភ្នែក។

ជនសង្ស័យរួមមាន៖ ទី១៖ ឈ្មោះ សួង មករា ហៅយក អាយុ៣២ឆ្នាំ, ទី២៖ឈ្មោះ ចេត វុត្ថា អាយុ២៣ឆ្នាំ, ទី៣៖ឈ្មោះ ឆាន់ សម្ភ័ស អាយុ១៩ឆ្នាំ, ទី៤៖ឈ្មោះ នី វិសាល អាយុ៣១ឆ្នាំ, ទី៥៖ឈ្មោះ ខែក ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ និងទី៦៖ឈ្មោះ វ៉ន ចិន្តា ភេទស្រី អាយុ២១ឆ្នាំ។

ក្រោយមកកម្លាំងបានបន្តឆ្មក់ចូលឆែកទីតាំងមួយកន្លែងទៀតតាមចម្លើយសារភាពរបស់ជនសង្ស័យ ស្ថិតនៅភូមិប៉ែលហែល សង្កាត់សុព៌រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងនោះកម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ឆែកឆេររកឃើញម្សៅពណ៌ស ជាសារធាតុញៀនម៉ាទឹកកក ២កញ្ចប់មធ្យម និង៨កញ្ចប់តូច ទម្ងន់៤៥,៥៦ក្រាម និងរកឃើញម៉ូតូចំនួន១គ្រឿង គ្មានផ្លាកលេខ រួមជាមួយសម្ភារៈជាបំណែកម៉ូតូជាច្រើនទៀត រួមជាមួយឧបករណ៍កាច់សោរកម៉ូតូ ប្រដាប់ផ្សារផ្តាច់ និងសម្ភារៈជាច្រើនទៀត។

ជនសង្ស័យរួមមាន៖ ទី១៖ឈ្មោះ ហ៊ុន ដេវីត អាយុ២២ឆ្នាំ, ទី២៖ឈ្មោះ មាស មនោ អាយុ៤២ឆ្នាំ, ទី៣៖ឈ្មោះ មាស ភារៈ អាយុ៣២ឆ្នាំ, ទី៤៖ឈ្មោះ ម៉ម រិទ្ធី អាយុ៤៣ឆ្នាំ និងទី៥៖ឈ្មោះ អៃ រតនា អាយុ១៩ឆ្នាំ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអះអាងថា នេះជាការបង្ក្រាបទីតាំងដែលប្រមូលផ្តុំការប្រើប្រាស់ និងជួញដូរលួចលាក់យ៉ាងសកម្ម ក្នុងនោះមានទាំងបង្កប់នៅកន្លែងទទួលផលចោរកម្មផង។ សកម្មភាពបែបនេះនឹងនៅតែបន្តដូចភ្លៀងរលឹម ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស (ប្រទេសជាតិត្រូវការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប)។

សូមបញ្ជាក់ថា ជនសង្ស័យទាំង១១នាក់ កំពុងសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបើកការស្រាវជ្រាវបន្ថែមទៀត បន្តបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕