(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតយុវជនជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ត្រូវប៉ះក្រុម U-19 របស់ឡាវ នាម៉ោង ៤ល្ងាចនេះនៅប្រទេសវៀតណាម ដែលទាមទារឲ្យឈ្នះដាច់ខាត ដើម្បីបន្តក្តីសង្ឃឹមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រនៃពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន AFF U-19 Championships 2016។
ការប្រកួតដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមានប្រទេសចំនួន ១១ចូលរួមនោះ ក្រុមគោព្រៃ U-19 របស់កម្ពុជាស្ថិតក្នុងពូល B ដែលជាពូលមួយតានតឹងបំផុត ក្នុងការប្រជែងយកកៅអីឡើងទៅវគ្គ ៤ក្រុមចុងក្រោយទល់នឹងក្រុមមីយ៉ាន់ម៉ា អូស្រ្តាលី និងក្រុមការពារតំណែងជើងឯក U-19 ថៃ ត្បិតត្រូវយកតែ២ក្រុមមានពិន្ទុខ្ពស់ជាងគេ ដើម្បីឡើងទៅវគ្គបន្ត។
ទាំង៣ក្រុមខ្លាំង មីយ៉ាន់ម៉ា អូស្រា្តលី និងថៃ សុទ្ធតែរកបានម្នាក់៣ពិន្ទុ ដោយឈ្នះ១ប្រកួតដូចគ្នា និងឈរនៅកំពូលតា រាងបណ្តោះអាសន្ន ក្រៅពីនោះ U-19 ឡាវ ដែលទើបតែចាញ់ថៃ ២-១ នៅថ្ងៃបើកឆាកពូល B ដែរនោះ ជាក្រុមដែល មានសមត្ថភាពប្រហាក់ប្រហែលកម្ពុជា ស្របពេលដែលកម្ពុជា ទើបបរាជ័យ ២-០ ក្រោមថ្វីជើងរបស់អូស្រ្តាលី កាលពីរាត្រីថ្ងៃចន្ទ ទី១២ ខែកញ្ញាដើមសប្តាហ៍នេះ។
រវាង U-19 គោព្រៃកម្ពុជា និង U-19 ឡាវធ្លាប់មានប្រវត្តិជួបគ្នា២ដងនាពេលកន្លងមក ដោយក្នុងនោះ កម្ពុជាប្រកួតបាន ស្មើលទ្ធផល ០-០ ក្នុងវគ្គជម្រុះនៃពាន AFF U-19 នេះដូចគ្នាកាលពីឆ្នាំ២០១៥ និងចាញ់ឡាវ ៣-២ ក្នុងពាននេះទៀត កាលពីឆ្នាំ២០១៣ ក្នុងទឹកដីកណ្តាល៕