(ព្រះវិហារ)៖ ក្រុមក្មេងទំនើងចំនួន២ក្រុម មានគ្នាចំនួន៩នាក់ ដែលតែងតែជិះម៉ូតូបង្ហោះបង្កការអុកឡុកក្នុងក្រុងព្រះវិហារ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន ជាមួយនឹងការដកហូត បាននូវដាវចំនួន១ដើម និងកាំបិតផ្គាក់ចំនួន២ដើម និងម៉ូតូចំនួន៣គ្រឿង។

ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនេះ គឺធ្វើឡើងក្រោមបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក៏ដូចជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ថា អនុវត្តន៍បទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយនគរបាលក្រុងព្រះវិហារ និងនគរបាលស្រុកត្បែងមានជ័យ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើង បង្កអុកឡុកជិះម៉ូតូបង្ហោះ និងអុកឡុកនៅក្នុងក្រុងព្រះវិហារ ដោយបង្ក្រាបបានក្រុមក្មេងទំនើងចំនួន២ក្រុម មានគ្នាចំនួន០៩នាក់ ព្រមទាំងដកហូតដាវចំនួន០១ កាំបិតផ្គាក់ចំនួន០២ និងម៉ូតូចំនួន ០៣គ្រឿង។

លោក គង់ គា បានថ្លែងឱ្យដឹងថា កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនក្រុមក្មេងទំនើងទាំងនេះ ទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។

ដោយឡែកក្នុងចំណោមក្រុមក្មេងទំនើងទាំង៩នាក់នេះ គឺសមត្ថកិច្ចធ្វើការបញ្ជូនខ្លួនក្រុមក្មេងទំនើងចំនួន៦នាក់ទៅតុលាការ ដោយសារក្មេងទំនើង៣នាក់ទៀត ជាអនិតិជនមានអាយុក្រោម១៥ឆ្នាំ។ លោកបញ្ជាក់ថា ដោយអនុវត្ត អនុសាសន៍លោកព្រះរាជអាជ្ញា ក្មេងទំនើងជាអនិតិជនទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចកោះហៅអាណាព្យាបាលឱ្យមកធ្វើការធានា និងធ្វើកិច្ចសន្យាអប់រំកូន ឱ្យបញ្ឈប់សកម្មភាពទំនើងចាប់ពីថ្ងៃនេះតទៅ៕