(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ និងស៉ីនជំាង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ ការប្រកាសបែបនេះ ធ្វើឡើងតាមរយៈ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង នៅប្រទេសចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សាទ្វេភាគី លោក សុខ ចិន្តាសោភា និងលោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល មានភាពស៊ីជម្រៅ និងគ្របដណ្តប់លើការងារអាទិភាពជាច្រើនដែលត្រូវជំរុញអនុវត្ត ដើម្បីលើកកម្ពស់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការវិស័យនយោបាយ ការពារជាតិនិងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ ថាមពល ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរវាងប្រជាជននិងប្រជាជន អប់រំ ទេសចរណ៍ និងវប្បធម៌។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងថ្នាក់ដឹកនាំចិនបានវាយតម្លៃខ្ពស់ចំពោះកំណើនភាពរឹងមាំនៃចំណងមិត្តភាពដែកថែប ក៏ដូចជាកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលត្រូវបានលើកទឹកចិត្តតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់ ហើយបានឯកភាពបន្តជំរុញឱ្យកាន់តែច្រើន និងជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និង នីតិបញ្ញត្តិ។ ថ្នាក់ដឹកនាំចិន បានសង្កត់ធ្ងន់អំពីការបន្តគាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ប្រទេសស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងក្នុងការដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ។

«លោក សុខ ចិន្តាសោភា ក៏បានគូសបញ្ជាក់អំពីជំហរជាគោលការណ៍របស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» និងចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជំាង ជាកិច្ចការផ្ទៃក្នុងរបស់ចិន ព្រមទាំងបន្តគាំទ្រតួនាទីកាន់តែសកម្មរបស់ចិនក្នុងកិច្ចការអន្តរជាតិ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

ភាគីទាំងពីរបានទទួលស្គាល់សារៈសំខាន់នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាវប្បធម៌និងវប្បធម៌ និងបានឯកភាពគ្នាសហការជិតស្និទ្ធក្នុងការបង្កើនការផ្លាស់ប្តូរនេះ ជាពិសេសក្នុងចំណោមយុវជន។ លោក សុខ ចិន្តាសោភា និងលោក វ៉ាង យី ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈជាមួយគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម ហើយបានអះអាងជាថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមមានអាស៊ាន-ចិន មេគង្គ-ឡានឆាង និងអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

សូមជម្រាបថា ការធ្វើសមយុទ្ធយោធារបស់ចិន នៅជុំវិញកោះតៃវ៉ាន់ ត្រូវបានបិទបញ្ចប់ទៅវិញហើយ បន្ទាប់ពីការធ្វើលំហាត់យោធាអស់រយៈពេល ២ថ្ងៃ ក្នុងសកម្មភាពអ្វីដែលទីក្រុងប៉េកាំងហៅថា ជាការធ្វើតេស្តមួយលើសមត្ថភាពរបស់ខ្លួន ដើម្បីដណ្តើមយកកោះតៃវ៉ាន់។ ប្រព័ន្ធផ្សព្វផ្សាយ CCTV-7 បានរាយការណ៍ថា យោធាចិនបានបញ្ចប់ដោយជោគជ័យ នូវសមយុទ្ធ Joint Sword-2024A ដែលមាន​គោលដៅលើតៃវ៉ាន់។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ អំឡុងសមយុទ្ធយោធាចិន កាលពីថ្ងៃព្រហស្បតិ៍-សុក្រ សប្តាហ៍មុននេះ ទីក្រុងប៉េកាំង បានបញ្ជូនយន្តហោះសរុបចំនួន ១១១គ្រឿង ព្រមទាំងនាវារាប់សិបគ្រឿង មកឡោមព័ទ្ធជុំវិញកោះតៃវ៉ាន់។

សមយុទ្ធយោធាខាងលើ ត្រូវចិនធ្វើឡើង នៅរយៈពេល៣ថ្ងៃ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ថ្មីគឺ លោក Lai Ching-te ស្បថចូល​កាន់តំណែងជាផ្លូវការ។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានលើកឡើងថា លោក Lai ប្រកាន់គោលជំហរប្រឆាំងយ៉ាងធ្ងន់ធ្ងរចំពោះ គោលការណ៍ចិនតែមួយ ខណៈវាកំពុងរុញច្រានប្រជាជនតៃវ៉ាន់ ទៅរកស្ថានការណ៍ដ៏អាក្រក់​ នៃភាពគ្រោះថ្នាក់និងសង្រ្គាម។ ចិនចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោលជម្រើស ប្រើប្រាស់កម្លាំងយោធាឡើយ ប្រសិនបើចាំបាច់ ដើម្បីបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ នៅថ្ងៃណាមួយ៕