(ប៉េកាំង)៖ ចំពោះមុខគំរោងបំពេញទស្សនកិច្ច របស់ព្រះសង្ឃ ដាឡៃឡាម៉ា មកកាន់កោះតៃវ៉ាន់ នាពេលឆាប់ៗខាងមុខនេះ ទីក្រុងប៉េកាំងបានចេញសេចក្តីថ្លែង ជំទាស់ភ្លាមៗដែរ ទៅនឹងចេតនានៃ តំបន់ទីបេ និងកោះតៃវ៉ាន់ ដែលសុទ្ធសឹងតែកំពុងបង្ហាញសកម្មភាពចង់ «ទាមទារឯករាជ្យ» ពីចិនដីគោក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
អ្នកនាំពាក្យនៃស្ថាប័នចាត់ចែងកិច្ចការពាក់ព័ន្ធកោះតៃវ៉ាន់ របស់រដ្ឋាភិបាលចិនលោក Ma Xiaguang បានលើកឡើងនៅព្រឹកថ្ងៃពុធ នេះថា «ចេតនានៃកងកម្លាំងមួយចំនួននៅក្នុងកោះតៃវ៉ាន់ ដែលបង្ហាញឲ្យឃើញពីការផ្សាភ្ជាប់ជាមួយ ក្រុមចង់បានឯករាជ្យនៅតំបន់ទីបេ និងបង្កើតឲ្យមាន សកម្មភាពរំខាននានានោះ វានឹងធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរចំពោះទំនាក់ទំនងនៃកោះតៃវ៉ាន់»។
ទីក្រុងប៉េកាំងបានបង្ហាញការជំទាស់យ៉ាងពេញទំហឹង ចំពោះដំណើរទស្សនកិច្ចរបស់ព្រះសង្ឃ ដាឡៃឡាម៉ា ទៅកាន់កោះតៃវ៉ាន់ បើទោះបីជាស្ថិតនៅក្នុងទម្រង់បែបណាក៏ដោយ។ ប្រទេសចិនក៏បានលើកឡើង ផងដែរថា ក្រុមណាក៏ដោយដែលមានចេតនាចង់រំលោភលើ ការទទួលស្គាល់ជាអន្តរជាតិនូវនយោបាយចិនតែមួយ ដែលត្រូវបានអង្គការសហប្រជាជាតិអនុម័តនោះ នឹងមិនទទួលបានជោគជ័យនោះឡើយ៕