(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងធ្វើបទបង្ហាញ ស្ដីពីព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដែលរៀបចំ ដោយក្រសួងបរិស្ថាន នៅថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន ដល់យុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ ដើម្បីសហការចូលរួមជំរុញការផ្សព្វផ្សាយ និងកិច្ចសហការនានា។

ក្នុងឱកាសនោះលោក ខ្វៃ អាទិត្យា បានលើកឡើងពីសារៈសំខាន់នៃគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់ក្រសួងបរិស្ថាន គឺយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រោមការដឹកនាំ ដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងស្របទៅតាមយុទ្ធសាស្រ្ដបញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

លោកបានថ្លែងថា យុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ឈរលើអាទិភាពចម្បង៣ គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាន នូវអព្យាក្រឹតភាពកាបូន នៅកម្ពុជា។

បន្ទាប់ពីបានធ្វើបទបង្ហាញពីគោលនយោបាយ និងយុទ្ធសាស្រ្ដសំខាន់ៗ របស់ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងប្រាប់ទៅកាន់ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពីព្រឹត្តិការណ៍ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដែលក្រសួងនឹងរៀបចំឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន តាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានបញ្ជាក់ថា ពិព័រណ៍ផ្សព្វផ្សាយ និងចែកូនឈើនេះ ធ្វើឡើងក្រោមមូលបទ «ពន្លកបៃតង» ដោយមានការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃផងដែរ។

ក្នុងឱកាសនេះ លោកក៏ស្នើឱ្យមានការចូលរួមពីក្រុមយុវជនសង្គមស៊ីវិល ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយនានា ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ពិព័រណ៍នេះ ឱ្យបានទំលំទូលាយ ដើម្បីប្រជាពលរដ្ឋបានជ្រាបជាព័ត៌មាន និងចូលរួមកុះករនាឱកាសពិព័រណ៌នេះ។

ជាការឆ្លើយតបលោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញក្ដីរីករាយ និងប្ដេជ្ញារួមជាមួយក្រុមយុវជននានាចូលរួមផ្សព្វផ្សាយ និងធ្វើសកម្មភាពនានាជាមួយវិស័យបរិស្ថាន ជាពិសេសក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើនៅខែកក្កដាខាងមុខនេះ។

សូមជម្រាបថា ការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើនៅថ្ងៃទី១០-១៦ កក្កដាខាងមុខនេះ គឺជាការឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់គឺ ស្អាត បៃតង និងចីរភាព៕