(សៀមរាប)៖ ព្រៃឈើមានសារៈសំខាន់ខ្លាំង សម្រាប់មនុស្សសត្វនៅលើផែនដីនេះ ព្រៃឈើអាចបញ្ជៀសនូវគ្រោះមហន្តរាយ ផ្សេងៗដូចជា ទប់ស្កាត់ខ្យល់ព្យុះ ទាក់ទាញទឹកភ្លៀវ កាត់បន្ថយកម្តៅលើនៅលើផែនដី ទប់ស្កាត់ទឹកជំនន់ជាដើម មិនត្រឹមតែប៉ុននោះព្រៃឈើអាចទាក់ទាញភ្ញៀវទេសចរ ជាពិសេសជាងនេះទៀតនោះ ព្រៃឈើជួយការពារដល់ប្រាង្គប្រាសាទ នានាដែលនៅក្នុងតំបន់អង្គរផងដែរ។
លោក ឈរ ថាណាត ជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រង់ព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ របស់ព្រៃឈើ ដែលមានទំនាក់ទំនងគ្នារវាងប្រជាជន ប្រាសាទ ដល់ប្រជាពលរដ្ឋភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ។
លោក ឈរ ថាណាត បានបញ្ជាក់ថា ការផ្សព្វផ្សាយនេះ ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍របស់ព្រៃឈើ ដល់អ្នកស្រុកអង្គរ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានរៀបចំកម្មវិធី ក្នុងការចុះផ្សព្វផ្សាយក្នុងមួយខែ៣ដង ទៅតាមគោលដៅ ដែលបានកំណត់នៅក្នុងតំបន់រម្មណីយដ្ឋានអង្គរ ដែលមានផ្ទៃដីទំហំ៤០១គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង៥ក្រុង-ស្រុក ២១ឃុំ-សង្កាត់ និង១១២ភូមិ និងមានប្រជាពលរដ្ឋរស់នៅ ប្រហែល១២ម៉ឺននាក់។
ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា បានបង្កើនការដាំដើមឈើ ការអភិរក្សឈើ និងការចុះផ្សព្វផ្សាយជំរុញឱ្យប្រជាពលរដ្ឋអ្នកស្រុកអង្គរ ចូលរួមរក្សាព្រៃឈើដែលមាននៅក្នុងតំបន់អង្គរ ព្រោះព្រៃឈើនេះ សំខាន់សម្រាប់ជួយរក្សាកម្តៅ និងសំណើមដែលជួយទ្រទ្រង់ ដល់ថ្មប្រាង្គប្រាសាទនានា ហើយប្រាសាទណា ដែលព្រៃឈើដុះព័ន្ធព័ទ្ធជុំវិញ ប្រាសាទនោះ មានភាពមាំទាំ មិនដល់នូវការខូចខាត បាក់បែក ដូចជា ថ្មប្រាសាទនៅតែមានលក្ខណៈល្អ និងបា្រសាទមិនទ្រុឌទ្រោម រចនាសម្ព័ន្ធប្រាសាទ នៅមានលក្ខណៈល្អប្រសើរ ដូចជាប្រាសាទបេងមាលា និងប្រាសាទតាកែវជាដើម៕