(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៤៧ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាបង្កឡើងដោយក្មេងទំនើង២ក្រុម ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា២១៨ មាត្រា៤១០និងមាត្រា៤១១ ក្រមព្រហ្មទណ្ឌ។

ក្មេងទំនើងទាំងពីរក្រុមនោះ មានជនត្រូវចោទមានខ្លួនចំនួន៦នាក់ គឺ ១៖ឈ្មោះ យូ គីមឈង, ២៖ឈ្មោះ លឹម សុវិសាល, ៣៖ឈ្មោះ ស្រីន់ សំណាង, ៤៖ឈ្មោះ តោតារា ដាវ៉ាន់, ៥៖ឈ្មោះ នាង សិរីនរះរាជ និង៦៖ឈ្មោះ ថៃ រិទ្ធិស័ក និងជនត្រូវចោទចំនួន៤នាក់ទៀតកំពុងគេចខ្លួន។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះករណីហិង្សានេះ បង្កឡើងដោយក្មេងទំនើង ចំនួន២ក្រុម គឺក្រុមក្មេងទំនើងទី១ ឈ្មោះ សប្បាយបស់គេ (SBK) ដែលមានគ្នា១០នាក់ និងក្រុមក្មេងទំនើងទី២ ឈ្មោះ កាហ្វេកែងវត្ត (CKV) មានគ្នាប្រហែល១៥នាក់ ដោយក្រុម CKV បានណាត់កាប់គ្នាជាមួយក្រុម SBK និងបានគប់កាំបិតប៉័ងតោមកលើក្រុម SBK ភ្លាមនោះក្រុម SBK បានយកកាំបិតផ្គាក់កាប់លើឈោ្មះ បុត្រ (CV) បណ្តាលឲ្យដាច់ម្រាមចង្អុលដៃ រួចក៏បានជិះម៉ូតូគេចខ្លួន។ បន្ទាប់មក ក្រុម SBK ក៏បានប្រទះឃើញឈ្មោះ រាំគីម សម្បត្តិ ដែលគិតថាជាក្រុមតូក្យូ (TOKYO) ធ្លាប់ឈ្លោះគ្នា និងបានកាប់លើម៉ូតូ ធ្វើឲ្យខូចខាតម៉ូតូចំនួន២គ្រឿង។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង៦ នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕