(ចិន)៖ ក្នុងក្របខណ្ឌនៃកម្មវិធីប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ក្រុមហ៊ុន Huawei ឆ្នាំ២០២៣-២០២៤ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជាតំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកម្មវិធីចំនួន២ ដែលប្រព្រឹត្តទៅនៅពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីក្រុង Shenzhen ប្រទេសចិន។

កម្មវិធីចំនួន២នេះរួមមាន៖ កិច្ចប្រជុំកំពូលស្ដីពី «ការពន្លឿនបរិវត្តកម្មក្នុងវិស័យអប់រំ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន» (ICT Accelerating Education Transformation Summit) និងពិធីប្រគល់រង្វាន់ជូនជ័យលាភីថ្នាក់ពិភពលោក (Global Final Awards Ceremony)។ កម្មវិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំនៃបណ្ដាប្រទេសមួយចំនួន តំណាងអង្គការ UNESCO និងសិស្ស-និស្សិតប្រមាណជាង ១៧០ ០០០នាក់ មកពីជាង ២០០០សាកលវិទ្យាល័យនៃជាង៨០ប្រទេសជុំវិញពិភពលោក។

នៅក្នុងកម្មវិធីនេះដែរនិស្សិតនារីកម្ពុជាចំនួន ៣រូប ដែលកំពុងសិក្សាឆ្នាំទី៤ នៃមុខជំនាញវិស្វកម្មទូរគមនាគមន៍ និងបណ្តាញ (Telecommunication and Network Engineering) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចូលរួមកម្មវិធីប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ក្រុមហ៊ុន Huawei ឆ្នាំ២០២៣-២០២៤ ដែលមានដូចជា៖ កញ្ញា សេង សុមន្ថាវរ័ត្ន, កញ្ញា សេង សុមន្ថាវរិន្ទ (កូនភ្លោះ) និងកញ្ញា សឿន ឧស្សា។

ជាលទ្ធផលនៃការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនេះ ក្រុមនិស្សិតនារីកម្ពុជាទាំង ៣រូប ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ ក្នុងនោះដើម្បីជាសក្ខីភាពនៃការឈ្នះពានរង្វាន់នេះ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក៏បានផ្ដល់កិត្តិយសឡើងប្រគល់រង្វាន់ជូនក្រុមនិស្សិតកម្ពុជាផងដែរ៕