(ព្រះវិហារ)៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគូលែន ខេត្តព្រះវិហារ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកដាវបម្រុងចាក់លើជនរងគ្រោះ ដែលកំពុងធ្វើដំណើរតាមផ្លូវ។

វរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះថា ការឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើង ២នាក់នេះ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី បានទទួលបណ្ដឹងពីប្រជាពលរដ្ឋថា មានករណីប៉ុនប៉ងឃាតកម្ម ដោយមនុស្សប្រុសពីរនាក់ជិះម៉ូតូ ២គ្រឿង បានស្ទាក់ផ្លូវសួរនាំព្រមទាំងមានកាន់ដាវបម្រុងចាក់ជនរងគ្រោះ នៅភូមិដំណាក់កន្ទួត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ វេលាម៉ោង១៣៖៣៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ក្រោយទទួលបានបណ្តឹង និងបទមានបញ្ជាឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ជំនាញព្រហ្មទណ្ឌ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី បើកការស៊ើបអង្កេត រហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនបានជនសង្ស័យទាំង ២នាក់ រួមមានឈ្មោះ៖១.ឈ្មោះ ស្មិន រិន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ ២.ឈ្មោះ ខាន់ ចិត្ត ភេទប្រុស អាយុ២៤ ឆ្នាំ ទាំងពីរនាក់រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

នៅចំពោះមុខសមត្ថកិច្ចមុខសញ្ញាទាំង ២នាក់បានសារភាពថា ខ្លួនពិតជាបានជិះម៉ូតូដេញពីក្រោយជនរងគ្រោះ ស្ទាក់សួរនាំ ហើយបានដកដាវធ្វើសកម្មភាពដូចការចោទប្រកាន់ពិតមែន បន្ទាប់មកខ្លួនក៏យកដាវទៅទុកនៅផ្ទះ។ ក្រោយការសារភាពរបស់ជនសង្ស័យរួច សមត្ថកិច្ចបានសុំគោលការណ៍ឆែកឆេរផ្ទះមុខសញ្ញាសង្ស័យ បានរកឃើញកាំបិទ និងដាវចំនួន៩ ដើម ឧបករណ៍សម្រាប់ជក់ថ្នាំងញៀន និងសម្ភារវេចខ្ចប់មួយចំនួន។

ជាមួយគ្នានេះបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ១ គ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ព្រះវិហារ 1E 2653 ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀនចំនួនមួយកញ្ចប់តូច និងកាំបិទចុងស្រួច១ ដើមដែលនៅជាមួយម៉ូតូ។

បច្ចុប្បន្នមុខសញ្ញាទាំង ២នេះ ត្រូវបានកម្លាំងអធិការដ្ឋាននគបាលស្រុកគូលែន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕