(ភ្នំពេញ)៖ អភិបាលរងខណ្ឌមានជ័យ លោកឌី រ័ត្នខេមរុណ បានប្រាប់ដល់ពលរដ្ឋក្នុងមូលដ្ឋាន សូមគិតគូរឲ្យបានច្បាស់លាស់ ជៀសវៀងការញុះញ៉ុង ចូលរួមក្នុងមហាបាតុកម្ម ខុសច្បាប់របស់ គណបក្សសង្គ្រោះជាតិ ( CNRP ) ដែលអាចធ្វើឡើងនៅពេលឆាប់ៗ ខាងមុខនេះ ក្នុងគោលបំណង បង្កភាពអន្តិសុខដល់នយោបាយជាតិ។
សូមបញ្ជាក់ថា ទីស្នាក់ការកណ្តាលរបស់បក្ស ស្ថិតនៅតាមផ្លូវជាតិលេខ២ សង្កាត់អង្រែក្រោម ខណ្ឌមានជ័យ។
ការថ្លែងរបស់លោកអភិបាលរង ទៅកាន់ពលរដ្ឋ ធ្វើឡើងនៅក្នុងពិធី ចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ពលរដ្ឋទីទ័លក្រ ចំនួន ១០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្នុងឱកាសនេះដែរ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខា កាកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ការចូលរួមមហាបាតុកម្ម ជាមួយគណបក្សប្រឆាំង គ្មានផ្តល់ផលប្រយោជន៍អ្វីនោះឡើយ ផ្ទុយទៅវិញមានអាចបង្កគ្រោះថ្នាក់ ថែមទាំងខាតពេលវេលា រកសីុទៀតផង។
ក្រៅពីបញ្ហានេះ លោក ឌី រ័ត្នខេមរុណ បានថ្លែងថា ថា ការនាំយកអំណោយចែកជូនបងប្អូននៅពេលនេះ គឺជាការមើលឃើញជាក់ស្តែងពី សុខទុក្ខលំបាករបស់បងប្អូន ពីសំណាក់កាកកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ។
លោកប្រធានអនុសាខា បាន ផ្ញើក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូន ។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចតែងឋិត នៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹក ដល់មន្ត្រីក្រោមឱវាទឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើ ប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមាន ផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ដូចគ្នា ។
អំណោយដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារៗ បាន : អង្គរមួយបាវ ទម្ងន់៣០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ ស្ករស០១គីឡូ ទឹកដោះគោ២កំប៉ុង មីយើង០១កេស ឃីត១ឈុត ( មុង ភួយ ក្រមា ) និងថវិការ ៣ម៉ឺនរៀល។
ក្នុងនោះដែរ លោកអភិបាលរង និងជាប្រធានអនុសាខា ក៏បានអំពាវនាវដល់បងប្អូនឲ្យ ចូលរួមទៅចុះឈ្មោះចូលរួមបោះឆ្នោត អោយបានគ្រប់ៗគ្នា ដើម្បីបោះជូន គណបក្សដែលខ្លួនស្រលាញ់ និងគាំទ្រ ៕