(រតនគិរី)៖ នៅទូទាំងខេត្តរតនគិរី ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ បានដំណើរការប្រកបដោយបរិយាកាសល្អ រីឯសន្តិសុខ សណ្ដាប់ធ្នាប់ក៏មានភាពល្អប្រសើរដែរ។

លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ជាទូទៅបានដំណើរការល្អហើយ ក្រុមប្រឹក្សាឃុំ.សង្កាត់ ក្នុងតំណែងដែលជាអង្គបោះឆ្នោតបានទៅបោះឆ្នោតតាមមណ្ឌលរៀងៗខ្លួន។ គ្រប់ការិយាល័យទាំង៩ទូទាំងខេត្តបានបើកទ្វារនៅម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយបានដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក្រោមកិច្ចការពារធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ។

ប្រធានគណៈកម្មការបន្តថា នៅក្នុងខេត្តរតនគិរី មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន២គណបក្ស រួមមាន៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ។ មានការិយាល័យបោះឆ្នោតចំនួន៩ការិយាល័យ មានអង្គបោះឆ្នោតសរុបចំនួន២៦០នាក់ ក្នុងនោះស្រី៦០នាក់ ជាក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង។

គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ មានគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះចំនួន១០មណ្ឌល-ការិយាល័យ រួមមាន៖ មណ្ឌលក្រុមប្រឹក្សាខេត្ត និងការិយាល័យក្រុងស្រុកទាំង៩, គណបក្សឆន្ទៈខ្មែរ ឈរឈ្មោះចំនួន៨មណ្ឌល-ការិយាល័យ គឺមណ្ឌលក្រុមប្រឹក្សាខេត្ត និងការិយាល័យក្រុមប្រឹក្សាក្រុងស្រុកចំនួន៧ រួមមាន៖ មណ្ឌលអណ្ដូងមាស បានលុង បរកែវ កូនមុំ លំផាត់ អូរយ៉ាដាវ និងមណ្ឌលវើនសៃ៕