(កំពង់ស្ពឺ)៖ នៅក្នុងឆ្នាំនេះ ការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល បានបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅខែពិសាខ ដែលជាព្រះរាជពិធីដ៏សំខាន់មួយ នៃពិធីបុណ្យទ្វារទសមាស។
ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ៧យ៉ាង រួមមាន៖ ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា។ ម្យ៉ាងទៀតព្រះរាជពិធីនេះ ក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។

ក្រោយការច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ត្រូវបានព្រលែងឱ្យទៅបរិភោគអាហារទាំង ៧មុខខាងលើ។ ក្នុងចំណោមអាហារទាំង ៧មុខនេះ មានអាហារចំនួន ៣មុខដែលគោឧសភរាជបានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។ តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះនឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ៕