(អ៊ីតាលី)៖ កម្មវិធីស្បៀងអាហារពិភពលោកបានឲ្យដឹងថា ខ្លួនបានផ្ដល់ជំនួយជាស្បៀងអាហារ ដល់ប្រជាជនជាង១៤០,០០០នាក់ នៅឯភាគខាងជើងនៃប្រទេសកូរ៉េខាងជើង ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះទឹកជំនន់ តាំងពីចុងខែសីហា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្នងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន កម្មវិធីស្បៀងអាហារពិភពលោក ក៏បានបង្ហាញពីក្ដីព្រួយបារម្ភផងដែរ ពាក់ព័ន្ធនឹងការរស់នៅរបស់ជនរងគ្រោះ ព្រោះថារដូវរងារក៏ខិតជិតចូលមកដល់ ខណៈបញ្ហាកង្វះស្បៀងអាហារក៏កំពុងកើតមាន។ ជាមួយគ្នានោះដែរ ទីភ្នាក់ងារសហប្រជាជាតិមួយនេះបានបន្ថែមថា គ្រោះទឹកជំនន់បង្កឡើងដោយ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តHamgyong ភាគខាងជើង និង ខេត្តRyanggang កាលពីចុងខែសីហា នៅតែបន្តដល់ដើមខែកញ្ញានេះ បន្ទាប់ពីការវាយប្រហារដោយខ្យល់ព្យុះLionrock។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ ទី១២ ខែកញ្ញា ទឹកជំនន់នៅកូរ៉េខាងជើងបានសម្លាប់មនុស្ស ១៣៣នាក់ និង ៣២៥នាក់បាត់ខ្លួន រីឯមនុស្សច្រើនជាង ១៤០,០០០នាក់ផ្សេងទៀត កំពុងទទួលរងផលប៉ះពាល់ និងត្រូវការជំនួយសង្រ្គោះបន្ទាន់ដូចជា ទីជម្រកស្នាក់នៅ ទឹកស្អាត ជំនួយជាស្បៀងអាហារ និងថ្នាំពេទ្យជាដើម ហើយបើតាមកម្មវិធីស្បៀងអាហារពិភពលោក គេត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់យ៉ាងហោចណាស់ក៏ ១,២លានដុល្លារអាមេរិកដែរ ក្នុងតំណាក់ដំបូង៕