កម្លាំងនគរបាលខេត្តក្រចេះ បង្ក្រាបក្មេងទំនើងក្នុងហិង្សាកាប់ប្រហារ១ករណីនៅស្រុកឆ្លូង និង១ករណីក្រចេះ, ឃាត់ខ្លួនមនុស្សសរុប១៤នាក់
25-05-2024 22:10
(ក្រចេះ)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកឆ្លូង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះស្រាវជ្រាវ និងបង្រ្កាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតផ្គាក់) នៅចំណុចភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ចំនួន០៤នាក់។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ បញ្ជូនទៅការិយាល័យខេត្ត ដើម្បីបន្តនីតិវិធី។
ដោយឡែក នៅក្រុងក្រចេះវិញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រចេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី និងប្រជាការពារ បានធ្វេីការឃាត់ខ្លួនបក្ខពួកក្មេងទំនើងចំនួន២ក្រុម មានគ្នាចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន កាំបិតផ្គាក់ចំនួន១, កាំបិតបុ័ងតោចំនួន១, កាំបិតចុងស្រួចចំនួន១ និងដែកបំពង់ទីបចំនួន២ដើម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជួនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕