(ហុងកុង)៖ តបតាមការអញ្ជើញរបស់សភាពាណិជ្ជកម្មឧស្សាហកម្ម អឺរ៉ុប និងអាមេរិក និង សហព័ន្ធឃ្លាំងទំនិញ និងឡូជីស្ទុីក ប្រចាំប្រទេសចិន លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា និងប្រតិភូសមាជិក បានចូលរួមកិច្ចប្រជុំលើកទី៥០ ស្តីពី កិច្ចសហប្រតិបត្តិការឡូជីស្ទុីកអន្តរជាតិ និងការអភិវឌ្ឍ (2024 International Logistics Cooperation and Development) នៅទីក្រុងហុងកុង ប្រទេសចិន។

ក្នុងនោះលោក ជា ចាន់ដារ៉ា ត្រូវបានអញ្ជើញឱ្យឡើងធ្វើបទបង្ហាញ ស្តីអំពីឡូជីស្ទុីកនៅកម្ពុជា ក្នុងន័យ បង្ហាញអំពីការអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាព្យាយាមទាក់ទាញអ្នកវិនិយោគ មកសិក្សាស្វែងយល់អំពីការវិយោគទៅលើវិស័យផ្សេងៗ រួមទាំងវិស័យដឹកជញ្ជូន និងឡូជីស្ទុីកផងដែរ។

នាពេលនោះ លោក ជា ចាន់ដារ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគក្នុងការបណ្តាក់ទុន ក្នុងនោះក៏បានលើកទឺកចិត្តឱ្យមានការវិនិយោគលើវិស័យ កសិ-ឧស្សាហកម្ម ដែលអាចឈានទៅដល់ការនាំចេញផលិតផលសម្រេចពីកម្ពុជាឱ្យបានកាន់តែច្រើនទៀត។

សូមបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះ ដោយមានការចូលរួមពីបណ្តារប្រទេសចំនួន១៥ ដោយពីវិស័យផ្សេងៗ ដូចជា៖ ឃ្លាំងផ្ទុកទំនិញចែកចាយ E-Commerce, ឡូជីស្ទុីក, រ៉ូបូទីក, AI, ដឹកជញ្ជូន, នាំចេញ នាំចូល, រោងចក្រ និង វិស័យផ្សេងៗទៀត៕