(ភ្នំពេញ)៖ តាមរយៈអត្ថបទរបស់ខ្លួនមួយនៅលើទំព័រកាសែត The Diplomat ចុះថ្ងៃទី២៣ ឧសភា ឆ្នាំ ២០២៤ លោក David Hutt ដែលគេស្គាល់ថា ជាអ្នកកាសែតបរទេសម្នាក់ដែលតែងតែសរសេរអត្ថបទ វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការវាយប្រហារមកលើអតីតនាយករដ្ធមន្ត្រី លោក ហ៊ុន សែន និងនាយករដ្ធមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត ស្រាប់តែងាកមកគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ហើយបានជំទាស់ទៅនឹងការយល់ឃើញរបស់ សម រង្ស៊ី ចំពោះគម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះ។

អ្នកកាសែតបរទេសរូបនេះបានសរសេរថា ព្រែកជីកហ្វូណនតេជោពិតជាមានផលប្រយោជន៍សេដ្ឋកិច្ចជាយុទ្ធសាស្ត្រចំពោះកម្ពុជា ពីព្រោះវានឹងលុបបំបាត់ការពឹងផ្អែកខ្លាំងរបស់កម្ពុជាលើកំពង់ផែវៀតណាម។ ព្រែកជីកនេះនឹងតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅនៅខេត្តកែបនិងកំពង់ផែសមុទ្រទឹកជ្រៅនៅខេត្តព្រះសីហនុខណៈដែលបច្ចុប្បន្ន ការធ្វើពាណិជ្ជកម្មភាគច្រើនរបស់កម្ពុជាត្រូវ ឆ្លងកាត់កំពង់ផែភាគខាងត្បូងរបស់ប្រទេសវៀតណាមដែលភាគច្រើនគឺកំពង់ផែ Cai Mep។

បើតាមលោក David Hutt ព្រែកជីកហ្វូណនតេជោនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាក្នុងការជំរុញការធ្វើពាណិជ្ជកម្មឱ្យឆ្លងកាត់តាមច្រករបស់ខ្លួនកាន់តែច្រើន ហើយវានឹងលុបបំបាត់ហានិភ័យដែលវៀតណាមអាចបិទច្រកទ្វារពាណិជ្ជកម្មរបស់កម្ពុជា ក្នុងករណីមានភាពតានតឹង តាមរយៈការមិនអនុញ្ញាតឱ្យកម្ពុជាចូលទៅកាន់កំពង់ផែរបស់ខ្លួន ដូចអ្វីដែលធ្លាប់បានកើតឡើងរួចហើយនៅដើមទសវត្សរ៍ឆ្នាំ 1990។ កម្ពុជាក៏នឹងទទួលបានផលប្រយោជន៍ផងដែរក្នុងការធានាឱ្យបានថា «ការធ្វើពាណិជ្ជកម្មភាគច្រើននឹងមិនពឹងផ្អែកលើប្រទេសដទៃ»

លោក David Hutt បានចុចចំចំណុច ខ្សោយរបស់ សម រង្ស៊ី ដែលជាអ្នកនយោបាយក្រឡិចក្រឡុចគ្មានគោលដៅ ដោយលោកបានសម្តែងការភ្ញាក់ផ្អើលថា វាគឺជារឿងដ៏គួរឱ្យចាប់អារម្មណ៍ដែល «សម រង្ស៊ី ដែលបានធ្វើយុទ្ធនាការស្ទើរតែពេញមួយជីវិតដើម្បីលុបបំបាត់ឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជាបែរជាមើលរំលងកត្តានេះ» ដោយងាកទៅគាំទ្រវៀតណាមនិងងាកមកប្រឆាំងផលប្រយោជន៍ខ្មែរទៅវិញ។ បើតាមលោក David Hutt បញ្ហាព្រែកជីកនេះក៏បានបង្ហាញអំពីភាពផ្ទុយគ្នាស្រឡះចំពោះការលើកឡើងរបស់មនុស្សមួយចំនួន(ក្នុងនោះក៏មានទាំងសម រង្ស៊ីផង) ដែលតែងគិតថា «គ្រួសារត្រកូលហ៊ុន គឺជាអ្នកបម្រើយួន»។
ទន្ទឹមនឹងនេះ លោក David Hutt បានទះកំភ្លៀង សម រង្ស៊ី មួយដៃយ៉ាងដំណំដើម្បីឱ្យអ្នកនយោបាយប្រឆាំងបំផ្លាញជាតិរូបនេះ ភ្ញាក់ពីដំណេកតាមរយៈការលើកហេតុផល អំពីសារៈសំខាន់នៃការជីកព្រែក និងការកសាងកំពង់ផែដែលប្រទេសក្នុងតំបន់កំពុងចាប់អារម្មណ៍ខ្លាំង តែបែរជាមានមនុស្សល្ងង់ខ្លៅដូចសម រង្ស៊ី ប្រឆាំងជំទាស់ទៅវិញ។ David Hutt បានលើកហេតុផល យ៉ាងដូច្នេះថា ប្រទេសម៉ាឡេស៊ីកំពុងព្យាយាមបង្កើនសមត្ថភាពកំពង់ផែដ៏ធំបំផុតរបស់ខ្លួនគឺ Klang ដែលក៏ជាកំពង់ផែធំលំដាប់ទី2 នៅក្នុងតំបន់។ ក្រុមហ៊ុន Westports Holdings នឹងវិនិយោគទឹកប្រាក់ 8.34 ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខដើម្បីបង្កើនសមត្ថភាពប្រចាំឆ្នាំរបស់កំពង់ផែឱ្យដល់27 លាន TEU ។ កំពង់ផែកុងតឺន័រ Sapangar Bay របស់ម៉ាឡេស៊ីនៅ Sabah ក៏នឹងត្រូវបានពង្រីកផងដែរ។ ប្រទេសថៃក៍កំពុងជំរុញឱ្យមានការអភិវឌ្ឍកំពង់ផែដ៏ធំរបស់ខ្លួននៅក្រោមគម្រោងច្រករបៀងភាគខាងត្បូង ហើយគំនិតនៃព្រែកជីកKra ក៏ត្រូវបានលើកយកមកពិភាក្សាឡើងវិញផងដែរនៅទីក្រុងបាងកក។ ដូច្នេះកម្ពុជាមិនមែនជាប្រទេសតែមួយគត់ដែលមានគំនិតចង់អភិវឌ្ឍព្រែកជីក ឬបង្កើនសមត្ថភាពកំពង់ផែរបស់ខ្លួននោះឡើយ។

លើសពីនេះ អ្នកកាសែតបរទេសរូបនេះក៏បានប្រឆាំងនឹងទស្សនៈភ្លីភ្លើរវើរវាយគ្មានមូលដ្ឋានរបស់សម រង្ស៊ី ផងដែរពាក់ព័ន្ធនឹងការចោទប្រកាន់ថា ព្រែកជីកហ្វូណនតេជោបម្រើឱ្យយោធាចិន។ David Hutt បានអះអាងថា ខ្ញុំនៅតែមើលមិនឃើញអំពីគោលបំណងយោធារបស់កងទ័ពជើងទឹកចិនក្នុងការឆ្លងកាត់តាមព្រែកជីកដ៏តូចមួយដើម្បីចូលទៅក្នុងប្រទេសកម្ពុជា និងដើម្បីបើកការវាយប្រហារលើប្រទេសវៀតណាមតាមដងទន្លេមេគង្គនោះឡើយ។ លោកបានចោទសំណួរទៅកាន់សម រង្ស៊ី ថា ប្រសិនបើអ្នកយល់ថា កម្ពុជានឹងអនុញ្ញាតឱ្យយោធាចិនចូលតាមផ្លូវទឹករបស់ខ្លួនដើម្បីឈ្លានពានប្រទេសវៀតណាម ហេតុអ្វីអ្នកមិនគិតថា កម្ពុជានឹងអនុញ្ញាតឱ្យយោធាចិនធ្វើដំណើរតាមបណ្តោយផ្លូវល្បឿនលឿនដែលសាងសង់ដោយចិន រួមទាំងផ្លូវដែកផងដើម្បីឈ្លានពានវៀតណាមផងដែរទៅ?។

លោក David Hutt ពន្យល់ជនក្បត់ជាតិបីជំនាន់ទៀតថា ប្រសិនបើជម្លោះពិតជាផ្ទុះឡើងរវាងចិននិងវៀតណាមមែន ចិនប្រហែលជាមិនអាចដឹកជញ្ជូនអាវុធ ឬគ្រាប់រំសេវឆ្លងកាត់សមុទ្រចិនខាងត្បូងទៅកាន់កងនាវាដែលកំពុងឈរជើងនៅមូលដ្ឋានទ័ពជើងទឹករាមបានទេ»ដោយ មូលហេតុថា «បើគិតចាប់ពីព្រំដែនចិនដែលជាប់ឡាវរហូតមកដល់ភ្នំពេញ ទន្លេមេគង្គមានប្រវែងប្រហែល 1,000 គីឡូម៉ែត្រ។ ដូច្នេះតើ កប៉ាល់នឹងត្រូវចំណាយពេលប៉ុន្មានដើម្បីធ្វើដំណើរតាមផ្លូវទឹកនេះ? យ៉ាងហោចណាស់ក៏ 1 សប្តាហ៍ ឬអាចយូរជាងនេះផង»។

សរុបមកវិញ សូម្បីតែអ្នកកាសែតបរទេសដែលធ្លាប់សរសេរអត្ថបទប្រឆាំងរាជរដ្ឋាភិបាលក៏ទ្រាំនឹងភាពល្ងង់ខ្លៅរបស់ សម រង្ស៊ី មិនបានដែរ ហើយសម្រេចចិត្តចេញមកបកអាក្រាតអ្នកនយោបាយល្ងិតល្ងង់ប្រឆាំងនឹងប្រយោជន៍ជាតិនិងប្រជាជនខ្មែរខ្លួនឯងរូបនេះជាសាធារណៈតែម្តង។ ប្រការនេះពិតជាសបញ្ជាក់អោយឃើញយ៉ាងច្បាស់មិនអាចប្រកែកបានឡើយថា ជនក្បត់ជាតិតត្រកូលបីជំនាន់ឈ្មោះ សម រង្ស៊ី ត្រូវបានសាធារណជនទាំងខ្មែរនិងបរទេសបកអាក្រាតឱ្យឃើញមុខមាត់ពិតប្រាកដថា ជាអ្នកនយោបាយដែលគ្មានឈាមជ័រជាខ្មែរទេ ហើយខួរក្បាលពោរពេញដោយគំនិតគំគួនសងសឹកនិងបំផ្លាញជាតិដែលស័ក្តិសមនឹងកេរ្តី៍ឈ្មោះជាជនក្បត់ជាតិបីជំនាន់៕
ដោយ អ្នកនយោបាយតុកាហ្វេ!
សូមអានអត្ថបទរបស់លោក David Hutt