(គូឡាឡំាពួរ)៖ អាជា្ញធរសុខាភិបាលម៉ាឡេស៊ី បានអះអាងថា មន្រ្តីផ្នែកសុខាភិបាលបានរកឃើញការឆ្លងវីរុស Zika ចំនួនពីរករណីថ្មីបន្ថែមទៀត លើស្រ្តីពីរនាក់ដែលជាបងប្អូននឹងគ្នា រស់នៅក្នុងទីក្រុង Miri និងទីក្រុង គូឡាឡាំពួ ដែលវាបានធ្វើឱ្យករណីឆ្លងនៅក្នុងប្រទេសម៉ាឡេស៊ី កើនឡើងដល់ ៦ករណី។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Subranmaniam បាននិយាយនៅក្នុង សេចក្ដីប្រកាសព័ត៌មានថា ករណីឆ្លងវីរុស Zika ទី៥ ត្រូវបានរឃើញលើស្រ្តីម្នាក់កំពុងមានផ្ទៃពោះ ពីរខែម្នាក់មានអាយុ ៣៥ឆ្នំា រស់នៅក្នុងទីក្រុង Miri នៃ រដ្ឋ Sarawak និងមានប្រវត្តិធ្លាប់បានទៅធ្វើការ នៅ ប្រទេសសិង្ហបុរី។ ស្ត្រីរូបនេះបានធ្វើដំណើរទៅប្រទេសសិង្ហបុរី លើកចុងក្រោយនៅចន្លោះពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកក្កដាកន្លងទៅ។
លោក Subranmaniam បន្ថែមថា ស្រ្តីរូបនេះបានទៅព្យាបាលនៅមន្ទីពេទ្យឯកជនមួយក្នុងទីក្រុង Miri កាលពីថ្ងៃទី០៦ ខែកញ្ញា បន្ទាប់ពីមានអាការៈគ្រុនក្ដៅរយៈពេលយូរ ហើយក្រោយមកទើបគ្រូពេទ្យរកឃើញថា រូបនាងមានផ្ទុកវីរុស Zika ខណៈដែលបងស្រីរបស់នាង មានអាយុ៣៩ឆ្នាំ រស់នៅក្នុងទីក្រុង គូឡាឡាំពួរ ក៏កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យក្នុងថ្ងៃតែមួយផងដែរ ក្រោយពីលេចចេញរោគសញ្ញាឆ្លងនៃវីរុស Zika ដូចគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ សមាជិកគ្រួសារ៦នាក់ផ្សេងទៀត របស់ស្រ្តីទំាងពីរនាក់នេះ រស់នៅក្នុងផ្ទះតែមួយ ពុំត្រូវបានគេរកឃើញថា មានរោគសញ្ញាឆ្លងវីរុស Zika នោះទេ បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើការពិនិត្យគ្រប់ៗគ្នារួចមក៕