(ភ្នំពេញ)៖ ប្រជាពលរដ្ឋជិត៥០នាក់ តំណាងឲ្យ១៣៤គ្រួសារ ដែលរស់នៅក្នុងបុរីផ្ទះទំនើប០១ គម្រោងទី៤ ចាស់ និងគម្រោងទី៤ថ្មី ស្ថិតនៅក្នុងភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជុំគ្នាកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចមុខក្នុងបុរីខាងលើ ផ្ដិតមេដៃធ្វើលិខិតស្នើសុំទៅកាន់រដ្ឋាករទឹក និងអាជ្ញាធរសាលារាជធានីភ្នំពេញ ព្រមទាំងសំណូមពរឲ្យម្ចាស់បុរីខាងលើ ជួយតបណ្ដាញទឹកស្អាតចូលតាមខ្នងផ្ទះរបស់ពួកគាត់ឲ្យបានប្រើប្រាស់ផង ខណៈដែលរដ្ឋាករទឹក បានតបណ្ដាញទឹករដ្ឋចូលដល់ក្នុងបុរីទៅហើយ បែរជាមិនព្រមតបំបែកចូលតាមខ្នងផ្ទះឲ្យពួកគាត់ប្រើសោះ ចំណែកខាងបុរី បានធ្វើអាជីវកម្មលើទឹករដ្ឋនេះ និងលក់បន្តឲ្យពួកគាត់ថ្លៃកប់ពពក។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់ជួបជុំគ្នានាពេលនេះ ដើម្បីស្នើរសុំទៅកាន់ខាងរដ្ឋាករទឹក ក៏ដូចជាអាធ្ញាធរសាលារាជធានីភ្នំពេញ ព្រមទាំងម្ចាស់បុរីផ្ទះទំនើប០១ ជួយតបណ្ដាញទឹករដ្ឋចូលតាមខ្នងផ្ទះរបស់ពួកគាត់ ចំនួន១៣៤គ្រួសារ ដែលកំពុងគ្មានទឹករដ្ឋប្រើប្រាស់ច្រើនឆ្នាំមកហើយ គឺពួកគាត់គឺពុំមែនជាការតវ៉ា ឬធ្វើបាតុកម្ម កូដកម្មអ្វីនោះទេ។

ពួកគាត់បានទិញផ្ទះនៅបុរីនេះរស់នៅតាំងពីឆ្នាំ២០១៨ និង២០១៩មកម្ល៉េះ មិនដែលមានទឹករដ្ឋប្រើឡើយ បន្តរហូតមកដល់ពេលនេះក៏នៅតែមិនទាន់មានទឹករដ្ឋប្រើទៀត។ កន្លងមកប្រើប្រាស់ទឹកដែលខាងបុរីបានផ្គត់ផ្គង់ឲ្យ ក្នុង១ម៉ែត្រគូបថ្លៃ៩៥០រៀល ប៉ុន្តែជាក់ស្ដែងទឹកនោះកខ្វក់ពេកមិនអាចប្រើបានទេ មិនដឹងថា បុរីយកទឹនោះមកពីប្រភពណាឡើយ ហើយចេះតែប្រាប់ថាទឹកស្អាតរហូត។

ប្រជាពលរដ្ឋបាននិយាយទៀតថា ពេលនេះបណ្ដាញទឹករដ្ឋត្រូវបានខាងរដ្ឋាករទឹកតចូលដល់ក្នុងបុរីទៅហើយ ប៉ុន្តែខាងបុរីនៅតែមិនព្រមតបំបែកតាមខ្នងផ្ទះឲ្យពួកគាត់ប្រើទៀត ហើយពួកគាត់ក៏បានចាត់តំណាងឲ្យទៅចរចាជាមួយ ម្ចាស់បុរីនេះជាច្រើនលើក និងរង់ចាំចំណាត់ការរយៈពេលជាង២ខែកន្លងមកហើយ។ ប៉ុន្តែខាងបុរីគ្មានដំណោះស្រាយជូនពួកគាត់សោះ ហើយនៅក្នុងខែមិនា ឆ្នាំ២០២៤ ខាងបុរីបែរជាចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្លាស់ប្តូរតម្លៃទឹកស្អាត ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ពីតម្លៃ៩៥០រៀលទៅជាតម្លៃ២៤០០រៀលក្នុង១ម៉ែត្រគូបវិញ ដែលនេះជាតម្លៃថ្លៃកប់ពពក ដែលពួកគាត់មិនអាចទទួលយកបានឡើយ។

ប្រជាពលរដ្ឋបានរៀបរាប់ទៀតថា បុរីផ្ទះទំនើប០១នេះកំពុងធ្វើអាជីវកម្មលើទឹករដ្ឋ ហើយមូលហេតុដែលមិនព្រមតទឹកតាមផ្ទះពួកគាត់នេះ ក៏ព្រោះតែបុរីគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈដែលអាជ្ញាធរខណ្ឌកំបូលសម្ងំសុខ មិនអើពើខ្វលខ្វាយពីទុក្ខលំបាករបស់ពួកគាត់នោះ។ មិនតែប៉ុណ្ណោះនៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនខាងភាគីម្ចាស់បុរីទទួលស្គាល់ដោយខ្លួនឯងថា ក្រុមហ៊ុនបានធ្វើការកែសម្រួលការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជន ដោយបានប្តូរ ពីការដឹកទឹកអណ្តូងដែលផ្គត់ផ្គង់សព្វថ្ងៃ ទៅជាទឹកស្អាតដែលផ្គត់ផ្គង់ពីរដ្ឋវិញ។ នេះសបញ្ជាក់ថា ក្រុមហ៊ុនបានភូតកុហកបោកប្រាស់ពួកគាត់រួចមកហើយ ដោយកន្លងមកពុំដឹងថាក្រុមហ៊ុននេះ យកទឹកមកពីប្រភពណាមកឲ្យពួកគាត់ប្រើនោះឡើយ ទើបទឹកមានសភាពកខ្វក់មិនអាចប្រើប្រាស់បាន។

ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា ពួកគាត់មិនអាចទទួលយកបាននិងអនុវត្តន៍តាមបានឡើយ កន្លងមកថ្មីៗនេះពួកគាត់ក៏បានស្នើសុំទៅកាន់ខាងរដ្ឋាករទឹកដើម្បីឲ្យជួយភ្ជាប់ទឹកជូនពួកគាត់ដែរ ព្រោះតែក្រុមហ៊ុនមិនគិតគូ  ប៉ុន្តែខាងរដ្ឋាករទឹកបានប្រាប់មកវិញថា រឿងអស់នេះគឺជាការងាររបស់ខាងបុរី ដើម្បីភ្ជាប់ជូនអតិថិជនទេ រដ្ឋាករទឹករង់ចាំតែការស្នើសុំពីខាងបុរីប៉ុណ្ណោះ។

ប៉ុន្តែខាងបុរីវិញគ្មានវិធានការលើរឿងនេះសោះ ហើយពឹងអាជ្ញាធរខណ្ឌកំបូលដែលតែ គ្មានបានដំណោះស្រាយសោះ ដូច្នេះទើបពេលនេះពួកគាត់នាំគ្នាស្នើសុំទៅថ្នាក់ដឹកនាំ ខាងរដ្ឋាករទឹក និងអាជ្ញាធរពាក់ព័ន្ធជួយឲ្យពួកគាត់ បានទឹករដ្ឋប្រើ ហើយក៏ស្នើសុំទៅខាងបុរីផ្ទះទំនើប០១នេះបោះបង់គំនិតធ្វើអាជីវកម្មលើទឹករដ្ឋ ហើយងាកមកសម្រួលជាមួយរដ្ឋាករទឹក ដើម្បីតទឹកចូលតាមខ្នងផ្ទះគាត់នីមួយៗបានប្រើប្រាស់គ្រប់គ្នាផង៕