(សៀមរាប)៖ លោក សែម រតនា អនុប្រធានក្រុមការងារចុះជួយស្រុកបន្ទាយស្រី និងលោកស្រី តំណាងលោក សែម សុវណ្ណនី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី និងក្រុងរុនតាឯក ខេត្តសៀមរាប បានអញ្ជើញសំណេះសំណាលបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

ក្នុងពិធីសំណេះសំណាលនេះ លោក សែម រតនា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោក សែម សុវណ្ណនី ដល់អង្គបោះឆ្នោត។

លោក សែម រតនា បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះបងប្អូនក្រុមប្រឹក្សាឃុំ ដែលបានអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនគ្រប់ការបោះឆ្នោត ពិសេសការបោះព្រឹទ្ធសភាកន្លងទៅថ្មីៗនេះ។

លោក សែម រតនា សូមសម្តែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្កស់ចំពោះសមិទ្ធិផលដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋានដោយផ្ទាល់ និងសម្តែងនូវមោទនៈភាព និងក្តីសង្ឃឹមចំពោះ ការប្តេជ្ញាចិត្តរបស់បងប្អូន ដែលបង្ហាញពីការរួមស្ម័គ្រស្មោះដោយឥតរេរាក្នុងការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ។

លោក សែម រតនា ក៏សូមផ្តាំផ្ញើឱ្យគណបក្សស្រុក និងក្រុមការងារចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដានគ្រប់សភាពការណ៍ ជាពិសេសចាប់ពីពេលនេះរហូតដល់ការរាប់សន្លឹកឆ្នោតរួចរាល់ ជៀសវាងមានហេតុការណ៍ណាមួយកើតឡើង និងសូមឱ្យបងប្អូនថែរក្សាសុខសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន ព្រមទាំងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើងទាំងអស់គ្នា៕