(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំការចុះពិនិត្យមើលវឌ្ឍនភាពការដ្ឋានសាងសង់ផ្លូវកៅស៊ូ១ខ្សែ នៅមូលដ្ឋានឃុំម្សាក្រង ខណៈផ្លូវនេះពិតជាមាន សារសំខាន់ណាស់ សម្រាប់ការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋ ជាតម្រូវការដ៏សំខាន់ក្នុងការលើកស្ទួយជីវភាព។

គួរបញ្ជាក់ថា ផ្លូវលេខ២៥៦នេះ ជាប្រភេទកៅស៊ូ DBST ២ជាន់ ឆ្លងកាត់ឃុំកំពង់ចិនត្បូង និងឃុំម្សាក្រង មានប្រវែងសរុប៧,២០០ម៉ត្រ ដោយឆ្នាំមុនសាងសង់បានមួយកំណាត់មានប្រវែង៤,២០០ម៉ែត្រ ចាប់ពីគល់ស្ពានស្ទឹងស្ទោងមកដល់ភូមិអូរដូង នៃឃុំម្សាក្រង ហើយនៅពេលនេះក៏បានបើកការដ្ឋានសាងសង់មួយកំណាត់ទៀតមានប្រវែង៣,០០០ម៉ែត្រ ក្នុងនោះក៏ត្រូវដាក់លូប្រអប់មុខកាត់៣ម៉ែត្រ១កន្លែង និងលូមូល២កន្លែងទៀតដែរ។

នាឱកាសនោះ លោកអភិបាលស្រុក សាយ គឹមឡម មើលឃើញថា ការបើកពង្រីកផ្លូវនេះ គឺមានការចូលរូមពីសំណាក់ប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ ដោយសារប្រជាពលរដ្ឋកាន់តែមានការយល់ដឹងពីការចូលរួមក្នុងកិច្ចការសាធារណៈ និងចង់បានផ្លូវល្អរឹងមាំ។ លោកថា ការសាងសង់ផ្លូវនេះជាប្រវត្តិសាស្ត្រហើយ ខណៈពីមុនមកមានមិនមានផ្លូវដែលក្រាលកៅស៊ូបែបនេះទេ។

លោកអភិបាលស្រុកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋសូមមានការយោគយល់អធ្យាស្រ័យ និងចូលរួមសម្រួលក្នុងពេលសាងសង់ផ្លូវនេះ។ ម្យ៉ាងវិញទៀត រដ្ឋករទឹក និងសេវាករអគ្គិសនី ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសដែលកំពុងសាងសង់ផ្លូនេះ ដើម្បីឱ្យផ្លូវនេះមានសភាពធំទូលាយតាមបទដ្ឋានបច្ចេកទេស និងធានានូវគុណភាពហើយប្រើប្រាស់បានយូរអង្វែង។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវ និងអ្នកដែលធ្វើដំណើរតាមផ្លូវដែលកំពុងសាងសង់ សូមចូលរួមថែរក្សាឱ្យបានយូរអង្វែងតទៅមុខ ពិសេសសូមកុំចាក់ដីខ្ពស់ជាងចំណីផ្លូវ មិនត្រូវរំលោភដីចំណីផ្លូវ ឬចាក់សំរាមចូលក្នុងលូ ដែលនាំឱ្យកកស្ទះប្រព័ន្ធបង្ហូរទឹក និងធ្វើឱ្យផ្លូវឆាប់ខូច។

លោកអភិបាលស្រុកយល់ឃើញថា ការសាងសង់ផ្លូវក្រាលកៅស៊ូខាងលើនេះ គឺនឹងជួយសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផល ខណៈប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មមាន៨៥ភាគរយឯណោះ។ សិស្សានុសិស្សធ្វើដំណើរទៅសាលាកាន់តែស្រួល ជំរុញជីវភាពបប្រចាំថ្ងៃកាន់តែប្រសើរឡើង

លើសពីនេះ លោកបានណែនាំដល់អាជ្ញាធរឃុំម្សាក្រងត្រូវចេះអំពាវនាវ កៀរគរធាតុចូលនិងមូលធនពីសប្បុរសជនជិតឆ្ងាយ ដើម្បីចូលរួមរួមអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានការរីកចម្រើនថែមទៀត ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជាមន្ទីរពេទ្យ សាលារៀន ផ្លូវលំ និងប្រព័ន្ធធារាសាស្ត្រជាដើម។

ជាមួយគ្នានោះដែរ អាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំម្សាក្រង ក៏ដូចជានៅក្នុងស្រុកស្ទោងទាំងមូល បានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខុមាលភាព សុខទុក្ខប្រជាពលរដ្ឋគ្រប់កាល:ទេស: និងជួយធ្វើផ្លូវយ៉ាងល្អសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព៕