(ពោធិ៍សាត់)៖ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និងជាអភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំថ្វាយទាន ធូប និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ព្រមទាំងព្រះអង្គចៅសែន ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសសូមឱ្យដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក នាថ្ងៃស្អែក បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាដរាប។

ពិធីនេះត្រូវបានធ្វើឡើង នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ក្បែងនឹងផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់, នៅលើបូរីវប្បធម៌កោះសំពៅមាស និងបរិវេណសាលាខេត្ត ដោយបានការចូលរួមពី លោក លោកស្រី ជាបេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធិ, អភិបាលរងខេត្ត, ក្រុមការងារចុះជួយសង្កាត់ ក្នុងក្រុងពោធិ៍សាត់, បេក្ខជនក្រុមប្រឹក្សាក្រុង និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។

ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានបួងសួងសុំឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ព្រមទាំងបារមីព្រះអង្គចៅសែន ដែលស្ថិតនៅលើបូរីវប្បធម៌កោះសំពៅមាស និងនៅបរិវេណសាលាខេត្តពោធិ៍សាត់ សូមតាមជួយថែរក្សាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ពិសេសសូមឱ្យដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក នាថ្ងៃស្អែកនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាដរាប ជូនបក្ស និងជាតិ។ ម្យ៉ាងវិញទៀតសូមបារមីរក្សាការពារ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ទាំងអស់ សូមតាមជួយថែរក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំផ្សេងៗទៀត សូមទទួលបានជោគជ័យតទៅមុខជានិច្ចនិរន្តន៍។

សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង/ស្រុក ខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះហើយ។ សម្រាប់ខេត្តពោធិ៍សាត់ បានបើកឃោសនា ចាប់ពីថ្ងៃទី១៧ ខែឧសភា និងបិទយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ ក្រោមអធិបតីភាព លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និងជាអភិបាលនៃគណៈអភិបាលខេត្ត។ ជាមួយគ្នានោះ ក្នុងខេត្តពោធិ៍សាត់ ក៏មានលោក លោកស្រី ដែលជាបេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធិ ចំនួន២១រូប, បេក្ខជនក្រុមប្រឹក្សា ក្រុង/ស្រុកទាំង៧ ពេញសិទ្ធិ ចំនួន១២១រូប និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ជាអង្គបោះឆ្នោតទាំង៤៩ឃុំ/សង្កាត់ ចំនួន៣៤១នាក់ផងដែរ៕