(សាធារណរដ្ឋកូរ៉េ)៖ តបតាមការអញ្ជើញរួមរបស់លោក Oh Young Hun អភិបាលខេត្តស្វយ័តពិសេសចេជូ និងលោក Kang Young Hoon ប្រធានវិទ្យាស្ថានសន្តិភាពចេជូ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកអគ្គលេខាធិការអាស៊ាន គ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់សំខាន់ៗនៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េមួយចំនួន សហគមន៍ធុរកិច្ច តួអង្គផ្នែកសិក្សាធិការ ក៏ដូចជាជួបជាមួយគណៈកម្មាធិការអាស៊ាន ប្រចាំទីក្រុងសេអ៊ូល ដើម្បីពិភាក្សាធ្វើយ៉ាងណាពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ជាពិសេស ស្របពេលដែលភាគីទាំងពីរកំពុងធ្វើការឆ្ពោះទៅបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ស្របពេលខួបអនុស្សាវរីយ៍ ៣៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំនេះ។

លោកបណ្ឌិត កៅ គឹមហួន ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាចេជូសម្រាប់សន្តិភាព និងវិបុលភាពលើកទី ១៩ ដែលគាត់នឹងថ្លែងសន្ទរកថាគន្លឹះ នៅក្នុងកិច្ចពិភាក្សាតុមូល នៅក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការសម្រាប់នៃវិបុលភាពរួម» នាឱកាសនៃពិធីបើកវេទិកានេះ។

លោកអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរនៃការចូលកាន់តំណែងរបស់អគ្គលេខាធិការទី៦ នៃមជ្ឈមណ្ឌលអាស៊ានកូរ៉េ ក្នុងទីក្រុងសេអ៊ូលផងដែរ។

ក្នុងឱកាសទស្សនកិច្ចនេះដែរ ដើម្បីជំរុញការទូតអាស៊ានបន្ថែមទៀត លោកបណ្ឌិត កៅ គឹមហួន ក៏នឹងឆ្លៀតឱកាសទៅធ្វើបាឋកថានៅសាកលវិទ្យាល័យ Sogang ដើម្បីបញ្ជូនសារ និងប្រាប់ពីសាច់រឿងរបស់អាស៊ាន ដល់ក្រុមនិស្សិតឱ្យពួកគេយល់ដឹងកាន់តែច្បាស់អំពីអាស៊ាន៕