(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ព្រមទាំងក្រុមគ្រួសារ បាននាំយកនូវថវិកាចំនួន ៤០,០០០,០០០រៀល មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

ពិធីប្រគល់ និងទទួលថវិកាសប្បុរសធម៌ខាងលើនេះ បានធ្វើឡើងនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា កាលពីដើមសប្តាហ៍នេះក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ព្រមទាំងគណៈប្រតិភូនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

ទន្ទឹមនឹងនោះ លោកស្រីអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោករដ្ឋមន្ត្រី ដែលកន្លងមកជាអតីតអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលបានដឹកនាំសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងខេត្តព្រៃវែង ព្រមទាំងការជួយសង្គម និងអភិវឌ្ឍជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីអគ្គលេខាធិការ ក៏បានគោរពជូនពរលោករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕