(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ សិក្ខាកាម វគ្គសិក្សាអំពី «របៀបសរសេរសេចក្តីប្រកាសព័ត៌មានសម្រាប់ក្រុមហ៊ុនឯកជន» របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បានប្រឡងបញ្ចប់ការសិក្សារបស់ខ្លួនហើយ។ ការប្រឡងនេះ ធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាពរបស់សិស្ស ក្រោយពីបានសិក្សាអំពីការសរសេរព័ត៌មាន អស់រយៈពេល១ខែកន្លះកន្លងមក។

នៅក្នុងការប្រឡងដែលមាន៧សំណួរអំពីទ្រឹស្ដី លោក អាន ស៊ីថាវ ជាគ្រូបង្គោល បានដាក់នូវលំហាត់អនុវត្តន៍ក្នុងរបៀបសរសេរសេចក្តីប្រកាសព័ត៌មានសម្រាប់ក្រុមហ៊ុនឯកជន ថែមទៀត។ សិស្សបានប្រឡងប្រកបដោយការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអាចប្រឡងជាប់ និងអាចទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពី មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC)។

លើសពីនេះទៀត បើទោះបីជា FTC ជាថ្នាក់បង់ថ្លៃសិក្សាក៏ពិតមែន ប៉ុន្តែគោលបំណងសំខាន់របស់មជ្ឈមណ្ឌល គឺផ្ដល់ជូនដល់សិក្ខាកាម នូវមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន ក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីអាចមានសមត្ថភាពក្នុងការប្រកបអាជីពអ្នកសារព័ត៌មានដែលមានតម្លៃមួយរូប។

FTC គឺជាផ្នែកមួយនៃអង្គភាពព័ត៌មាន Fresh News ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News។ FTC ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជា ចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។

Fresh News Training Center (FTC) មានលោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដោយលោក គឺជាអ្នកសារព័ត៌មានចាស់វស្សាមានបទពិសោធន៍ ជិត៤០ឆ្នាំហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានបញ្ចប់ការសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិកផងដែរ៕