(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿង នៃក្រសួងមហាផ្ទៃ សហការជាមួយមន្រ្ដីគយ ប្រចាំព្រលានយន្ដហោះអន្តរជាតិភ្នំពេញ បានចាប់ខ្លូនស្ដ្រីជនជាតិវេណេហ្ស៊ុយអេឡាម្នាក់ ដកហូតបានថ្នាំញៀន កូកេអ៊ីនជាង១គីឡូក្រាម ដែលមាននាំចូលមកពីប្រទេសប្រេស៊ីល កាត់ប្រទេសអេត្យូពី-ថៃ មកកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ម៉ក ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានបញ្ជាក់នៅថ្ងៃទី១៤ ខែកញ្ញា នេះថា មេក្លោងគ្រឿងញៀន ដែលឃាត់ខ្លួនបាននេះ ឈ្មោះ Loupez Alviarez Adelys Paola អាយុ២៣ឆ្នាំ ជនជាតិវេណេហ្ស៊ុយអេឡា កាន់លិខិតឆ្លងដែនលេខ១៣៨៤២០៧០ ក្នុងនោះកម្លាំងជំនាញ ដកហូតបាន ថ្នាំញៀនប្រភេទកូកាអ៊ីន ជាង១គីឡូក្រាម ដែលជនសង្ស័យនាំមកពីប្រទេសប្រេស៊ីល ចូលមកចរាចរនៅកម្ពុជា។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងជំនាញនាំខ្លួនទៅសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕