(ភ្នំពេញ)៖ កម្លាំងចម្រុះខណ្ឌសែនសុខ រួមមាន គណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយ សាំង សុភ័ក្រវិចិត្រ អភិបាលរងខណ្ឌ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ រួមទាំងកម្លាំងប៉ុស្តិ៍ ក្រោមការបញ្ជាផ្ទាល់ពីលោក បឹុល កុសល អភិបាលណ្ឌសែនសុខ បានចុះបង្ក្រាបទីតាំងបាញ់អាប៉ោងបៀមួយកន្លែង នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងដីឡូរ១កន្លែង ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ និងឃាត់ខ្លួនមនុស្សបាន៩នាក់ ព្រមទាំងវត្ថុតាងមួយចំនួន ដែលទីតាំងលេងល្បែងមួយនេះ គឺជាផ្ទះរបស់កូនមេភូមិសំរោងទាវតែម្តង។
លោកវរសេនីយ៍ឯក ម៉ក់ ហុង បានប្រាប់អង្គភាព Fresh News ថា ចំពោះអ្នកញៀនល្បែងជល់មាន់ខាងលើនេះ គឺមិនមានការដោះលែង ឬក៏សម្របសម្រួលណាមួយឡើយ ហើយលោកនឹងបញ្ជូនអ្នកទាំងនោះ ទៅតុលាការធ្វើការចាត់ការតាមនីតិវិធី ហើយក្នុងមូលដ្ឋានរបស់លោក លោកនឹងរឹតបណ្តឹងចាត់ការឲ្យអស់ នូវល្បែងស៊ីសងគ្រប់ប្រភេទទាំងតូច ទាំងធំ។
លោកបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនបានមនុស្ស៩នាក់ ក្នុងស្រី៥នាក់ និងដកហូតបានម៉ូតូធំ២គ្រឿង ចានសម្រាប់បាញ់អាប៉ោង និងបៀរជាច្រើនហ៊ូរ លុយ២០ដុល្លា និង៨០,០០០រៀល។
ក្រោយពីឃាត់ខ្លួនមនុស្សទាំង៩នាក់នោះ មានម្នាក់ជាម្ចាស់ផ្ទះ និងជាកូនមេភូមិ ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និងចាត់ការបន្ដ៕