(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមួយចំនួន នៅភូមិក្របៅ ឃុំគូលែនត្បូង និងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បាននិងកំពុងសប្បាយរីករាយ ជាមួយការប្រកបរបរដើររកផ្សិតប៉ក់ក្នុងព្រៃ លក់យកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ស្របពេលរដូវវស្សាឈានចូលមកដល់។

ក្នុងទឹកមុខស្រស់ស្រាយរួសរាយរាក់ទាក់ ស្ត្រីម្នាក់បាននិយាយប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ថា គាត់រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ការដើររកផ្សិតប៉ក់នៅក្នុងព្រៃដើម្បីលក់យកប្រាក់ បានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់បានធូរស្រាលមួយកម្រិតដែរ។ ស្ត្រីដដែលនេះថ្លែងប្រាប់ទៀតថា ដោយសារសមាជិកគ្រួសារគាត់ច្រើន ធ្វើគាត់អាចដើរកផ្សិតប៉ក់ក្នុងព្រៃបានច្រើន និងលក់បានប្រាក់ច្រើនគួសមក្នុងមួយថ្ងៃៗ។

ស្ត្រីប្រាប់ទៀតថា កាលភ្លៀងចាប់ធ្លាក់ដំបូង ក្នុងមួយថ្ងៃគ្រួសារគាត់អាចរកផ្សិតប៉ក់បានច្រើន និងលក់បានប្រាក់ច្រើនគួសម ចាប់ពី២០ម៉ឺនរៀល ទៅជាង៣០ម៉ឺនរៀលក៏មាន ដោយសារហាងឆេងផ្សិតប៉ក់ថ្លៃ ក្នុង១គីឡូក្រាមមានតម្លៃ រហូត៣០០០០រៀល។ ប៉ុន្តែបច្ចុប្បន្ននេះគ្រួសារគាត់អាចរកផ្សិតប៉ក់បានច្រើនដែរ តែតម្លៃផ្សិតប៉ក់ធ្លាក់ថ្លៃក្នុង១គីឡូក្រាមឈ្មួញទិញ១៥០០០រៀល ដូច្នេះគ្រសារគាត់អាចលក់បានប្រាក់ក្នុង១ថ្ងៃ៧ទៅ៨ម៉ឺនរៀល គាត់ថាហើយការលក់បានប្រាក់តិច ឬច្រើន ក៏អាស្រ័យលើសមាជិកគ្រួសារមានគ្នាតិច ឬច្រើន ហើយរកផ្សិតបានតិច ឬច្រើនដែរ។

ដោយឡែកបុរសឈ្មោះ សុខ គា ជាឈ្មួញកណ្តាលអ្នកទិញផ្សិតប៉ក់ម្នាក់ បាននិយាយថា ទាក់ទងនឹងតម្លៃផ្សិតប៉ក់ថ្លៃ ឬធ្លាក់ថ្លៃនោះ គឺស្ថិតនៅត្រង់ការដល់លើកដំបូង បានន័យថានៅតំបន់ខ្លះមិនទាន់មានផ្សិតប៉ក់នោះទេ  ដូច្នេះតំបន់ដែលមានផ្សិតប៉ក់គឺឈ្មួញទិញក្នុងតម្លៃថ្លៃ ប៉ុន្តែបច្ចុប្បន្ននេះផ្សិតប៉ក់មានគ្រប់តំបន់ ទើបធ្វើឱ្យតម្លៃផ្សិតប៉ក់ធ្លាក់ថ្លៃ។

បុរសឈ្មួញកណ្តាលថ្លែងបញ្ជាក់ថា ទោះផ្សិតប៉ក់ឡើងថ្លៃ ឬធ្លាក់ថ្លៃ សម្រាប់គាត់ជាឈ្មួញកណ្តាលនៅតែចំណេញតិចតួចដដែល ពោលទោះថ្លៃគាត់លើកពីប្រជាពលរដ្ឋលក់ឱ្យឈ្មួញនាំចេញបានចំណេញ១គីឡូ១០០០រៀល ទៅ១៥០០រៀលទេ ដោយឡែកពេលធ្លាក់ថ្លៃក៏គាត់នៅតែចំណេញប៉ុណ្ណឹង ប៉ុន្តែក្នុងមួយថ្ងៃគាត់អាចប្រមូលទិញពីប្រជាពលរដ្ឋ បានផ្សិតប៉ក់ចំនួន ៤០០ទៅ៥០០គីឡូ យកទៅលក់ឱ្យឈ្មួញឃើញថាចំណេញបានប្រាក់ច្រើនគួរសមដែរ៕