(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ Fresh News ថា ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃបន្ត អាប់អួរមានពពកច្រើន និងទឹករលកបោកបក់មធ្យម ដែលអាកាសធាតុបែបនេះ សូមបងប្អូនភ្ញៀវទេសចរ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់។
លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃអាប់អួរមានពពកច្រើន។ ខ្យល់បក់មធ្យម និង ទឹករលកយោលយោលមួយៗនៅចន្លោះឃ្លង។ ចំពោះឆ្នេរបែរទៅលំហរសមុទ្រ ពិសេសឆ្នេរអូរឈើទាល ខ្យល់បក់ និងទឹករលកយោលមធ្យម។ អាកាសធាតុបែបនេះស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់»។
ក្រសួងធនធានទឹកបានឲ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទៅប្រទេស រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ពិសេសតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា នៅលើផ្ទៃសមុទ្រនឹងមានសភាពអាប់អួរខ្លាំង ជាមួយនឹងរលកខ្ពស់ៗ ជាពិសេសតំបន់ខ្ពស់ៗ ជាពិសេសចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០១៦៕