(ព្រះវិហារ)៖ លោក សេន សុីហ៊ត់ រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយលោក ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការ លោក ប៉ាតទ្រី ប៉ាសស្តាន អនុរដ្ឋលេខធិការ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយបទបញ្ជា០១បប របស់រាជរដ្ឋាភិបាលកម្ពុជា និងអប់រំចំណេះដឹងស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀនក្រសួង ដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ។

លោក ម៉ៅ វណ្ណរិទ្ធ អនុប្រធានមន្ទីរ តំណាងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានឆ្លៀតឱកាសដ៍មមាញឹក អញ្ជើញចុះមកផ្សព្វផ្សាយបទបញ្ជា០១បប របស់រាជរដ្ឋាភិបាលកម្ពុជា និងអប់រំចំណេះដឹងស្តីពីមេរោគអេដស៍ ជំងឺអេដស៍ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀនក្រសួង ដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាឱកាសនេះ។

លោកបន្ដថា ក្រុមការងាររបស់មន្ទីរតែងតែបានធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំជាប្រចាំ ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ក្នុងកិច្ចប្រជុំប្រចាំខែ និងបានបន្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដោយភ្ជាប់ជាមួយការផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការមកប្រឡងយកប័ណ្ណបើកបរយានយន្ត អំពីការរីករាលដាលនៃជំងឺអេដស៍ មេរោគអេដស៍ និងហាមដាច់ខាតចំពោះការប្រើប្រាស់ ឬការពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ ស្របតាមបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការមុឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក សេន សុីហ៊ត់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា កន្លងមកលោកបានដឹកនាំក្រុមការងារចុះជាច្រើនខេត្តមកហើយ ផ្សព្វផ្សាយពីការទប់ស្កាត់បញ្ហាគ្រឿងញៀនខុសច្បាប់ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយក៏ចង់បញ្ច្រៀបព័ត៌មានទាំងអស់នេះតាមមន្ត្រីរបស់យើង ឲ្យមានការយល់ដឹង ពីការធ្វើតេស្តទឹកនោម។ លោកថាកន្លងមកមន្ត្រីរបស់មន្ទីរបានធ្វើតេស្តម្តងរួចមកហើយក៏ពិតមែន ប៉ុន្តែជាការធ្វើតេស្តផ្ទៃក្នុងមិនមែនជាផ្លូវការទេ ប៉ុន្តែបើធ្វើតេស្តផ្លូវការ គឺរដ្ឋបាលខេត្តជូនដំណឹងដល់មន្ទីរអង្គភាពជុំវិញខេត្តត្រូវប្រាប់មន្ត្រីរបស់ខ្លួនឲ្យត្រៀមធ្វើតេស្ត ដោយមានការចូលរួមពិនិត្យពីមន្ត្រីជំនាញគ្រឿងញៀន និងមន្ត្រីសុខាភិបាល។

លោករដ្ឋលេខាធិការថ្លែងទៀតថា បទបញ្ជា០១បប របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានពង្រីកវិសាលភាពនៃការត្រួតពិនិត្យគ្រឿងញៀនលើមន្ត្រីរាជការ ដែលនេះជាបញ្ហាមួយត្រូវបញ្ជ្រៀបមន្ត្រីយើងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចជៀសឆ្ងាយអំពីគ្រឿងញៀន។ លោកថា បើយើងធ្វើតេស្តឃើញ ទោះមានសញ្ញាប័ត្រអនុបណ្ឌិត ឬបណ្ឌិតក៏ដោយ គឺស្មើសូន្យហើយ បើសិនជាមន្ត្រីរាជការ គឺត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌថែមទៀតផង។

លោក សេន សុីហ៊ត់ បានបញ្ជាក់ថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តែងបានធ្វើការណែនាំដល់លោក ដែលជាមន្ត្រីទទួលបន្ទុក ត្រូវធ្វើការណែនាំមន្ត្រីយើងឲ្យជ្រាបជាព័ត៌មានបណ្តើរៗ មុននឹងរដ្ឋបាលខេត្តអញ្ជើញទៅធ្វើតេស្ត ពិសេសមន្ត្រីកិច្ចសន្យានៅតាមការដ្ឋានត្រូវមានការប្រុងប្រយ័ត្ន កុំឲ្យមានការពាក់ព័ន្ធគ្រឿងញៀនឲ្យសោះ៕