(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំ ស្តីពី ទម្រង់របាយការណ៍របស់បរធនបាល ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងដល់បរធនបាលដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ. ក្នុងការបំពេញកាតព្វកិច្ចផ្តល់របាយការណ៍របស់បរធនបាល សំដៅដល់ការអនុវត្តប្រកបដោយសង្គតិភាព សណ្តាប់ធ្នាប់ និងប្រសិទ្ធភាព។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃ ន.ប.ធ. ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (ធនាគារពាណិជ្ជ) និងបរធនបាលរូបវន្តបុគ្គលឯករាជ្យ ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ.៕