(វ៉ាស៊ីនតោន)៖ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ដោយសារមានបញ្ហាសួត បេក្ខភាពប្រធានាធិបតី អាមេរិក នៃគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន មានគ្រមោងចូលរួមក្នុងយុទ្ធនាឃោសនា បោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ នេះបើយោងតាមការឱ្យដឹងពីអ្នកនំាពាក្យ របស់លោកស្រី គ្លីនតុន លោក Nick Merrill ដែលចុះផ្សាយដោយសារព័ត៌មាន reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពដដែលបញ្ជាក់ទៀតថា «លោកស្រី គ្លីនតុន បានចំណាយពេលពេញមួយថ្ងៃ ដើម្បីអានព័ត៌មាន និង ទស្សនាឡើងវិញនូវសុន្ទរកថា របស់លោក បារ៉ាក់ អូបាម៉ា តាមកញ្ចក់ទូរស្សន៍ ក្នុងឱកាសដែលលោកមាន វត្ត មាននៅអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត គំាទ្រលោកស្រីគ្លីនតុន ដែលនេះអាចបញ្ជាក់ថា សុខភាព លោកស្រីបានប្រសើរឡើងវិញ ហើយលោកស្រីផ្ទាល់គ្រោងនឹងចូលរួមក្នុងយុទ្ធនាការឃោសនា បោះឆ្នោតនៅ ថ្ងៃព្រហស្បតិ៍ស្អែកនេះ រីឯព័ត៌មានបន្ថែមនឹងត្រូវបញ្ជាក់នៅពេលក្រោយ»។
សូមជំរាបថា លោកស្រី គ្លីនតុន បានដួលសន្លប់ដោយសារជំងឺរលាកសួត កាលពីថ្ងៃអាទិត្យកន្លងទៅ នៅក្នុងពិធីរំលឹក ខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅឯទីក្រុងញ៉ូវយ៉ក។ តែទោះជាយ៉ាងណា កាលពីថ្ងៃចន្ទ អតីតប្រមុខការទូតអាមេរិករូបនេះ បាននិយាយថា នឹងសម្រាកពីរបីថ្ងៃ មុននឹងត្រឡប់ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ហើយលោកស្រីក៏មិនខ្វល់ដែរចំពោះវេជ្ជបញ្ជារបស់ គ្រូពេទ្យដែលឱ្យលោកស្រីសម្រាក ព្រោះថា លោកស្រីគិតថាវាមិនមានបញ្ហាធំដុំអ្វីនោះទេ ខណៈពាក្យចចាម អារ៉ាមកំពុងកើតមាន ជុំវិញអ្នកមកជំនួសដំណែងបេក្ខភាពប្រធានាធិបតី របស់លោកស្រី។