(សៀមរាប)៖ លោក សេង សំរិត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយលើ ខេត្តសៀមរាប បានដឹកនាំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្វាយលើ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ពិធីបិទយុទ្ធនាការនេះមានការចូលរូមពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៥ បេក្ខជនក្រុមប្រឹក្សាខេត្ត ស្រុក សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុក សមាជិកា សមាជិកាសាខាបក្ស និងអង្គបោះឆ្នោត សរុបចំនួន១១២នាក់។

នាឱកាសនោះ លោកប្រធាន សេង សំរិត បានឱ្យដឹងថា ការបោះឆ្នោតកន្លងមក គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះគ្រប់ៗអាណត្តិ ទាំងការបោះឆ្នោតសកល និងការបោះឆ្នោតអសកល ដោយឈរលើកត្តា៥យ៉ាង គឺ៖

* កត្តាទី១៖ គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយល្អ ស្របតាមស្ថានភាព និងបរិបទទូទៅ ទាំងនៅលើឆាកជាតិ អន្តរជាតិ និងមូលដ្ឋានក្នុងប្រទេសរឹងមាំ បម្រើឱ្យផលប្រយោជន៍ប្រជាជន ឆ្លើយតបបានសេចក្ដីត្រូវការជាក់ស្ដែង។

* កត្តាទី២៖ គណបក្សប្រជាជនកម្ពុជាមានធនធានសេដ្ឋកិច្ចគ្រប់គ្រាន់សម្រាប់បម្រើឱ្យកិច្ចការនយោបាយ ដែលមានប្រភពមកពី៖
១. ប្រភពសេដ្ឋកិច្ចដែលគណបក្សបានបម្រុងទុក
២. ប្រភពសេដ្ឋកិច្ចចូលរួមពីសមាជិកគាំទ្រគណបក្ស
៣. ប្រភពសេដ្ឋកិច្ចដែលបានមកពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស

* កត្តាទី៣៖ គណបក្សប្រជាជនកម្ពុជាសម្បូរដោយធនធានមនុស្សទាំងចំណេះដឹង និងចំណេះធ្វើ មានបទពិសោធន៍គ្រប់គ្រាន់តាំងតែពីថ្នាក់ដឹកនាំរហូតដល់មូលដ្ឋាន និងមនស្នាដៃក្នុងការអនុវត្តការងារជូនគណបក្សនាពេលកន្លងមក។

* កត្តាទី៤៖ គណបក្សប្រជាជនកម្ពុជាបានរៀបចំយុទ្ធសាស្រ្តនយោបាយនានា ដែលជាមូលដ្ឋានរឹងមាំ
ដើម្បីប្រកួតប្រជែងយកជ័យជម្នះក្នុងការបោះឆ្នោតកន្លងមក និងបង្ហាញសកម្មភាពរួមសុខរួមទុក្ខជាមួយប្រជាជន ស្របតាមពាក្យស្លោកថា «គណបក្សប្រជាជន កើតឡើងពីប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន»។

* កត្តាទី៥៖ ជាកត្តាសត្យានុម័តបញ្ជាក់ថា គណបក្សប្រជាជនត្រូវបានទទួលជោគជ័យជានិច្ច ដោយឈរលើមូលដ្ឋានកត្តាទាំង៤ខាងលើ។

លោកបានពាំនាំនូវការផ្តាំផ្ញើ ការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប ជូនដល់ក្រុមការងារ ថ្នាក់ដឹកនាំ មន្ត្រីគណបក្ស ក្រុមប្រឹក្សាឃុំទាំង៥ ជាអង្គបោះឆ្នោត ដែលបានចូលរួមយ៉ាងសកម្ម និងលះបង់ខ្ពស់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងមកនេះ ប្រកបដោយស្នាមញញឹម និងឆន្ទៈស្នេហាគណបក្សពិតប្រាកដ ព្រមទាំងបានប្រកាន់ខ្ជាប់ តាមច្បាប់បញ្ញត្ត បទបញ្ជា នីតិវិធី និងគោលការណ៍ណែនាំរបស់ គ.ជ.ប។

លោក សេង សំរិត បានផ្តាំផ្ញើឲ្យសមាជិក សមាជិកាគ្រប់រូបគ្រប់ជាន់ថ្នាក់រក្សាសាមគ្គីគ្នាឲ្យបានល្អ ស្មោះត្រង់ជាមួយគណបក្ស បំពេញការងារឱ្យបានទៅតាមផែនការ ដែលថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក បានដាក់ជូននិងទទួលបានជ័យជម្នះធំៗថ្មីៗទៀតជូនគណបក្សរួចហើយ ក៏បានប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ នៅស្រុកស្វាយលើ ចាប់ពីពេលនេះតទៅ៕