(កណ្ដាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះប្រមូលជនអនាថា និងអ្នករស់នៅបែបអនាធិបតេយ្យក្នុងខេត្តកណ្តាលសរុប១៧នាក់ ស្រី១នាក់ ក្នុងនោះពិនិត្យឃើញមានសារធាតុញៀនចំនួន៦នាក់ ស្រី១នាក់។

លោក ណុប ដារ៉ា បានថ្លែងថា ដើម្បីរក្សាបានសណ្ដាប់ធ្នាប់ និងការពារភាពអនាធុបតេយ្យ អាជ្ញាធរខេត្តក្រោមការចង្អុលបង្ហាញពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បានចុះប្រមូលពួកគាត់យកទៅមណ្ឌល បន្សាបគ្រឿងញៀនស្រុកកណ្តាលស្ទឹង និងជនវិបល្លាសស្មារតីចំនួន៣នាក់ បញ្ជូនទៅស្នាក់នៅ និងព្យាបាលជនវិបល្លាសស្មារតីស្រុកកណ្តាលស្ទឹង។

ចំណែកជនអនាថាចំនួន៨នាក់ទៀត ធ្វើតេស្តមិនមានសារធាតុញៀនទេ ហើយបានធ្វើកិច្ចសន្យា និងអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតវិញ ដោយមិនអនុញ្ញាតឱ្យស្នាក់នៅ ឬបង្កសកម្មភាពអនាធិបតេយ្យបន្តទៀតទេ។

លោកបន្តថា រដ្ឋបាលខេត្តស្នើឲ្យពលរដ្ឋរក្សាបាននូវភាពថ្លៃថ្នូរ ហើយព្យាយាមរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ល្អ កុំរស់នៅបែបអនាធិប្បតេយ្យ ពិសេសបើសិនជាមានបញ្ហាមែនពិត សូមមកទាក់ទងអាជ្ញាធរមូលដ្ឋាន នោះមន្ត្រីមូលដ្ឋាន នឹងដោះស្រាយជូនជាក់ជាមិនខានឡើយ៕