(ភ្នំពេញ)៖ បន្ទាប់ពីអង្គភាព Fresh News បានធ្វើការចុះផ្សាយថា មានមន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនម្នាក់ បានទាញកាំភ្លើងគំរាមប្រជាពលរដ្ឋ គ្រាន់តែរឿងស្ទះចរាចរណ៍បន្តិចសោះ ភ្លាមៗក្រោយទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់មកអង្គភាព Fresh News នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ថា លោក បាននឹងកំពុងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្ដ្រីនគរបាលរូបនេះហើយ បញ្ជាឲ្យក្រុមជំនាញចុះទៅធ្វើការសើុបអង្កេតជាបន្ទាន់ រកខុសរកត្រូវជាក់ស្តែងទៀតផង។
លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងចាត់វិធានការលើ នគរបាលប្រឆាំងគ្រឿងញៀនម្នាក់ ទាញកាំភ្លើង គំរាមប្រជាពលរដ្ឋ គ្រាន់តែរឿងស្ទះចរាចរណ៍ យើងខ្ញុំបាននិងកំពុងមានវិធានការ៖ ទី១-កោះហៅសាម៉ីខ្លួន (លោកអនុសេនីយ៍ត្រី កាំង គឹមហុង) មកបំភ្លឺ និងដកហូតអាវុធយកទុកក្នុងអង្គភាពវិញ ទី២-ចាត់ក្រុមការងារចុះស៊ើបអង្កេត ដល់ន្លែងកើតហេតុ ថាតើអង្គហេតុមានដំណើរដើមទងបែបម៉េចខ្លះ ទី៣-ប្រមែប្រមូលព័ត៌មាន ដ៏ទៃទៀតដើម្បីធ្វើការបូកសរុបវាយតម្លៃ ពីកំហុសឆ្គង និងអនុវត្តន៍វិន័យទៅ តាមអ្វីដែលយើងរកឃើញការពិត ដែលសាម៉ីខ្លួនបានប្រព្រឹត្ត ទី៤-បញ្ឈជើងនៅការិយាល័យបុគ្គលិកជាបណ្តោះអាសន្ន រង់ចាំការវិនិច្ឆ័យនិងសម្រេចពីក្រុមប្រឹក្សាវិន័យ នៃគណស្នងការ»។
លោកស្នងការ បានបន្ថែមថា «យើងខ្ញុំដាច់ខាតមិនឲ្យមានអំពើអសកម្មបែបនេះ មកបំផ្លាញកិត្តិយសអង្គភាព ឬសមូហភាពឡើយ តាមបទបញ្ជាផ្ទៃក្នុងសម្រាប់បុគ្គល ធ្វើល្អពិតជាទទួលរង្វាន់ បុគ្គលប្រព្រឹត្តមិនគប្បីត្រូវ តែទទួលទណ្ឌកម្ម ហើយប្រសិនបើបងប្អូនណាមានព័ត៌មានសូមសរេសរមកអាស័យដ្ឋានរបស់យើងខ្ញុំ»។
ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានសង្កត់ធ្ងន់ៗថា ត្រូវកោះហៅ លោកអនុសេនីយ៍ត្រី កែ គឹមហុង មកបំភ្លឺ និងរង់ចាំការស៊ើបអង្កេតនៅការិយាល៍យបុគ្គលិក ព្រមទាំងដកអាវុធដកលិខិតបេសកកម្ម លិខឹតអាវុធ រក្សាទុកនៅបុគ្គលិកផ្ទាល់ ហើយការិយាល័យកណ្តាលព្រហ្មទណ្ឌ ចាត់មន្រ្តីចុះពិនិត្យអង្គហេតុ ស្វែងរកគូទំនាស់ រកសាក្សី និងកសាងសំណុំរឿង ដើម្បីដាក់ជូនក្រុមប្រឹក្សាវិន័យវិនិ្នច្ឆ័យ និងសម្រេចដោយតម្លាភាព។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ មានបុរសម្នាក់ឈ្មោះ ហុង ដែលបានអះអាងខ្លួនជាមន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដោយគ្រាន់តែស្ទះឡាន នៅក្នុងផ្សារបន្តិចសោះ បានទាញកាំភ្លើងគំរាមប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរនៅខាងមុខ។
ហេតុការណ៍នេះ កើតឡើងនាម៉ោង៦៖៤០នាទីល្ងាច នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចផ្សារស្គន់ ភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនដំបូងមានបុរសវ័យចំណាស់ម្នាក់ ឈ្មោះ ឆុន ឆុំ ចតឡានក្បែរផ្លូវ ដោយឲ្យចៅស្រីចុះទិញទំនិញមិនដល់២នាទីផង ស្រាប់តែមានបុរសម្នាក់ ជិះរថយន្ដមួយគ្រឿង ម៉ាកបាឡែន ពាក់ស្លាកលេខភ្នំពេញ2AL-1061 មកដល់ពីក្រោយ ហើយបញ្ចេញចរិកច្រងែងច្រង៉ាង ស្រែចជេរអ្នកនៅខាងមុខ ហើយបានទាញកាំភ្លើងគំរាមគេឯង ហើយបានអួតខ្លួនថាខ្លួនឈ្មោះ ហុង ជាមន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម មិនតែប៉ុណ្ណោះបុរសនោះបោះសម្ដីថា «អញគ្មានខ្លាចអាណាទាំងអស់»។
ជាមួយគ្នានេះ ជនរងគ្រោះ លោក ឆុន ឆុំ ត្រូវបាននគរបាលកោះហៅ ទៅសួរនាំបន្ថែមទៀត នៅអធិការដ្ឋាននគរបាលស្រុក នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីដោះស្រាយបញ្ហានេះបន្ថែមទៀត៕