(ភ្នំពេញ)៖ លោក កែប ជុតិមា តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ និងលោក លី ឆេង អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃសុក្រទី២៤ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោក កែប ជុតិមា បានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់អង្គបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោត ព្រមទាំងសមាជិក សមាជិកា គណបក្សទាំងអស់។
ប្រធានក្រុមការងារគណបក្សស្រុក បានថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌទាំងមូល ដែលតែងតែមានការជឿជាក់ យ៉ាងមុតមាំលើការ ដឹកនាំរបស់គណបក្សប្រជាជនគ្រប់កាលៈទេសៈ តាំងពីបាតដៃទទេរ រហូតមានការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ ។
លោកបន្ថែមថា ជាពិសេសបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កន្លងទៅ។
ជាចុងក្រោយលោកបានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ សូមគោរពតាមច្បាប់បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ដែល គ.ជ.ប បានកំណត់ ថែរក្សាសុខភាព ត្រៀមឯកសារពាក់ព័ន្ធដើម្បីបោះឆ្នោត និងត្រូវទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ជាសញ្ញាសម្គាល់លើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍សង្គមលើគ្រប់វិស័យ៕