(ខេត្តកំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក នៅ បូរ៉ា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានគណៈកម្មាធិការកណ្តាល នៃយុវជនគ្រីស្ទបរិស័ទកម្ពុជា អមដំណើរដោយលោកគ្រូ ជុច ម៉ុន តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត សៀ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងធម្មការ និង សាសនា ជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃយុវជនគ្រីស្ទបរិស័ទកម្ពុជា បានអញ្ជើញប្រគល់អណ្តូងទឹកស្អាតសហគមន៍ ដល់ពលរដ្ឋក្នុងភូមិដីដុះ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀត ទីតាំងស្ថិតនៅ ភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្រោមជំនួយឧបត្ថម របស់អង្គការ Mission25 និង LOI ដែលកន្លងមកជួបប្រទះនូវគ្រោះរាំងស្ងួត ហើយពលរដ្ឋទាំងក្មេង ទាំងចាស់ និង សត្វចិញ្ចឹម បានជួបការលំបាកកង្វះទឹកស្អាតប្រើប្រាស់។
លោក នៅ បូរ៉ា បានសំណេះសំណាល និងប្រគល់អណ្ដូងទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់កាមការគួរ ជួយសម្រាលដល់ពលរដ្ឋដែលកំពុងជួបការខ្វះខាតទឹកស្អាត ប្រើប្រាស់ប្រសើរឡើងមួយកំរិតផង។ សូមបញ្ជាក់ថា អង្គការ «Mission25 និង LOI» ជាអង្គការមនុស្សធម៌របស់គ្រីស្ទបរិស័ទ ដែលតែងតែយកចិត្តទុកដាក់ ក្នុងការនាំអណ្តូងទឹកស្អាត និង ជំនួយផ្សេងៗ ជូនដល់ពលរដ្ឋជួបការលំបាកខ្វះទឹកស្អាតប្រើប្រាស់ នៅតំបន់ដាច់ស្រយាលតាមមូលដ្ឋាននានានៅក្នុងប្រទេសកម្ពុជា ដោយគ្មានការរើសអើងនិន្នាការសាសនាណាមួយឡើយ។
ជាមួយគ្នានេះ លោក នៅ បូរ៉ា បានគូសបញ្ជាក់ថា ព្រះយេស៊ូវទ្រង់ស្រលាញ់មនុស្សទាំងអស់ ដោយមិនរើសអើង វណ្ណៈ ឋានៈ ពណ៌សម្បុរ សាសនា ឬ ជាតិសាសន៍ណាឡើយ ហើយគ្រីស្ទបរិស័ទទាំងអស់ ដែលស្តាប់តាមបង្គាប់ទ្រង់ មានកាតព្វកិច្ច បន្តចែកចាយសេចក្តីស្រលាញ់ទ្រង់ទៅកាន់មនុស្សទាំងអស់ ស្របតាមបង្គាប់ទ្រង់៕