(ក្រចេះ)៖ បុរស២នាក់ ជាប់ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនាដោយដាក់អន្ទាក់សត្វព្រៃ បណ្ដាលឲ្យឆក់មនុស្សស្លាប់ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ។ ពេលនេះសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ហើយម្នាក់ទៀតរត់គេចខ្លួន។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ នៅ ធួន អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅចំណុចទួលទ្រាំង ភូមិអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ត្រូវបានកម្លាំងនគរបាលស្រុកអូរគ្រៀងសែនជ័យ សហការជាមួយ កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ស្រាវជ្រាវ និងឃាត់ខ្លួនបាន។ ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះ ឡុង ស៊ុន អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា កំពុងរត់គេចខ្លួន។

លោក ប៊ុន ឡុក ត្រូវជាឪពុករបស់ជនរងគ្រោះ បានរៀបរាប់ថា នៅយប់កើតហេតុកូនរបស់គាត់ដើរឆ្លុះកង្កែបជាមួយប្អូនប្រុសបង្កើតរួមជាមួយអ្នកភូមិពីរនាក់ផ្សេងទៀត ក៏ត្រូវបានខ្សែឆក់ ដែលគេដាក់ពង្រាយជាអន្ទាក់ឆក់សត្វជ្រូក ព្រៃ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅចំណុចអូរត្រពាំងស្វាយ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ។

ក្រោយពីកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានរាយការណ៍ទៅប្រជាការពារភូមិ និងលោកមេភូមិ និងរាយការណ៍ បន្តទៅកម្លាំងនគរបាលមូលដ្ឋាន ក្នុងនោះកម្លាំងជំនាញពាក់ព័ន្ធនៃស្នងការដ្ឋាននគរបាលខេត្ត ចុះទៅពិនិត្យដល់ ទីតាំងដែលមានការដាក់ពង្រាយខ្សែភ្លើង ឆក់សត្វព្រៃនៅចំណុចកន្លែងកើតហេតុនោះ ហើយសមត្ថកិច្ចក៏បានប្រមូលបានខ្សែឆក់ និងឧបករណ៍ទាំងនោះ ដើម្បើធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលប្រព្រឹត្ត។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ សេន​ សុរេ អាយុ​២៦ឆ្នាំ​ ​​មុខរបរកសិករ​ មានទីលំនៅភូមិអូរគ្រៀង ឃុំ​អូរ​គ្រៀង​ ស្រុក​អូរគ្រៀង​សែន​ជ័យ​ ខេត្តក្រចេះ​។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយកម្លាំងជំនាញពិនិត្យ សាកសព​ នៅកន្លែងកើតហេតុ និងបានស្រាវជ្រាវរហូតឈានដល់កាឃាត់ខ្លួនជនសង្ស័យឈ្មោះ​ នៅ​ ធួន​។ ជ​ននេះបានឆ្លើយសារភាពថា​ ខ្លួនជាមួយនឹងបងថ្លៃឈ្មោះ​ ឡុង​ ស៊ុន​ បានទៅដាក់អន្ទាក់យកសត្វ​ព្រៃ​ បណ្ដាលឲ្យឆក់ឈ្មោះ​ សេន​ សុរេ​ ហៅយ៉ា​ ស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យឈ្មោះ​ នៅ​ ធួន​ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តតាមនីតិវិធី​ ចំណែកឯសង្ស័យឈ្មោះ ឡុង​ ស៊ុន​ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ដ៕