(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាដំណើរទស្សនកិច្ចដែលធ្វើឡើងតបតាមការអញ្ជើញរបស់ប្រមុខការទូតសិង្ហបុរី។

ក្នុងអំឡុងបំពេញទស្សនកិច្ចនោះដែរ លោក ហេង សួរ បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីសិង្ហបុរីសំខាន់ៗចំនួនបីក្រសួងរួមមាន៖ លោកបណ្ឌិត Vivian Balankrishnan រដ្ឋមន្រ្តីក្រសួងការបរទេស លោក Chan Chun Sing រដ្ឋមន្រ្តីក្រសួងអប់រំ និងលោកបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងការងារ។

ក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកការងារ ផ្នែកអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ការអភិវឌ្ឍជំនាញ ទំនាក់ទំនងវិជ្ជាជីវៈ សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។

ក្រៅពីនេះ លោក ហេង សួរ ក៏បានអញ្ជើញទស្សនាមជ្ឈមណ្ឌល Temasek Polytechnic-HRG Robotic Innovation Centre(RIC) របស់សិង្ហបុរីផងដែរ៕