(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រឡាញ់ បានក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឲ្យបានគ្រប់គ្នា ដើម្បីបន្តដឹកនាំប្រទេសក្រោមម្លប់នៃសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ការក្រើនរំលឹកយ៉ាងដូច្នេះរបស់អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក្នុងពិធីសំណេះសំណាលបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក អាណត្តិទី៤ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក អ៊ាន ឃុន អនុប្រធានគណៈកម្មាធិការនៃគណបក្សខេត្ត ប្រធានគណៈប្រចាំការគណបក្សខេត្ត និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រឡាញ់, លោក គុជ លីណា ប្រធានគណបក្សចាត់តាំងខេត្ត និងជាអនុប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកក្រឡាញ់ និងសមាជិក សមាជិកាគណបក្សស្រុក ឃុំ ជាច្រើនចូលរួមផងដែរ។
អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចពិជ័យសេនា ទៀ បាញ់,ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោក ប្រាក់ សោភ័ណ្ឌ ដែលសម្តេចតែងតែគិតគូរពីសមាជិក សមាជិកាគណបក្សទាំងអស់ផងដែរ។ អ្នកឧកញ៉ាបណ្ឌិត បានបន្តថា សមាជិក សមាជិកាគណបក្សយើងទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានរួសរាន់ មុនពេលការបោះឆ្នោតឈានចូលមកដល់ក្នុងពេលឆាប់ៗនេះផងដែរ។
ជាមួយនេះដែរ លោក អ៊ាន ឃុន បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅរយៈពេល២ថ្ងៃទៀត។ លោកបន្តថា ហើយថ្ងៃនេះគឺជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក។ ហើយយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល០៨ថ្ងៃ ដោយចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភានេះ។
លោក អ៊ាន ឃុន បានបន្តថា ស្រុកក្រឡាញ់ជាស្រុកគំរូមួយទូទាំងខេត្តសៀមរាប ដោយសារការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ នៅគ្រប់អាណត្តិទាំងអស់។
លោកក៏សង្ឃឹមថា ស្រុកក្រឡាញ់នឹងបន្តឈ្នះតទៅទៀត ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេសបន្តយកចិត្តទុកលើស្រុកក្រឡាញ់។ ហើយសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវរៀបចំខ្លួនឲ្យមានសុខភាពល្អ មានសុវត្ថភាព ក្នុងការធ្វើដំណើរមកបោះឆ្នោត ហើយត្រូវមានប័ណ្ណសម្គាល់សមាជិក ហើយនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរ៕